សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើសាធារណរដ្ឋឆែកជួយពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា-ឆែក ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួយពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសភាសាធារណរដ្ឋឆែក ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង។ ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់សាធារណរដ្ឋឆែក ពិនិត្យលទ្ធភាពលើកកម្ពស់ទំហំពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជាជនប្រទេសទំាងពីរឱ្យមានការរីកចម្រើនឡើងផងដែរ។ សំណើនេះ បានលើកឡើងនៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យឯកឧត្តម ម៉ាទីន វ៉ាវរ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសវនាការ និងសម្តែងការគួរសម នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាសាធារណរដ្ឋឆែក ជាមិត្តចាស់របស់កម្ពុជា គឺជាមិត្តល្អ ដែលបានជួយកម្ពុជា តំាងពីគ្រាដែលកម្ពុជាជួបការលំបាកនាដើមទសវត្សរ៍ឆ្នាំ៨០មកម្ល៉េះ។ សាធារណរដ្ឋឆែកបានជួយកម្ពុជាស្ទើគ្រប់វិស័យ ប៉ុន្តែទំនាក់ទំនងកិច្ចសហប្រតិបត្តិការខាងនីតិប្បញ្ញត្តិនៃប្រទេសទំាងពីរនៅមានកម្រិត ដែលគួរពង្រឹងពង្រីកបន្ថែមទៀតនៅពេលនេះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរមិនត្រឹមនាំមកនូវផលប្រយោជន៍ សេចក្តីសុខ ការរីកចម្រើនសម្រាប់កម្ពុជានិងឆែកនោះទេ តែទំនាក់ទំនងល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងរដ្ឋសភាកម្ពុជា និងឆែក នឹងរួមចំណែកដល់ការកសាងបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទំាងការអភិវឌ្ឍប្រកបដោយចីរភាពដល់ពលរដ្ឋនៅក្នុងសកលលោក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការពង្រឹងគោលការណ៍ពហុនិយមមានសារៈសំខាន់នៅក្នុងកាលៈទេសៈដែលពិភពលោកស្ថិតនៅក្នុងស្ថានភាពហានិភ័យខ្ពស់ដូចពេលបច្ចុប្បន្ននេះ។
ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា បានគំាទ្រការលើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់រដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលកំពុងធ្វើការយ៉ាងសកម្ម និងស្វាហាប់នៅក្នុងការដឹកនាំប្រទេសជាតិ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបង្ហាញនូវជំនឿចិត្តមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី កម្ពុជានឹងទទួលបានការអភិវឌ្ឍកាន់តែឆាប់រហ័ស។ កន្លងមក សាធារណរដ្ឋឆែក បានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា លើវិស័យមួយចំនួន មានដូចជា ការអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅទីជនបទជាដើម។ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា បានបញ្ជាក់ថាឆែកនៅតែបន្តជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាបន្តទៀត។ នៅក្នុងបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា បានសន្យាថា នឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើងទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្នឆែកបានកំពុងពិនិត្យសិក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ពីលទ្ធភាពដល់ការជួយអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានគំាទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាពីការពង្រឹងពង្រីកទំនាក់ទំនងប្រជាជននិងប្រជាជន ថាពិតជាមានសារៈសំខាន់ ក្នុងការចូលរួមលើកកម្ពស់ផលប្រយោជន៍នៃប្រទេសទំាងសងខាង៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា