សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ សាធារណរដ្ឋឆែក ជាមិត្តល្អ ដែលបានជួយកម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ៨០
(ភ្នំពេញ)៖ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាសាធារណរដ្ឋឆែក ជាមិត្តចាស់របស់កម្ពុជា គឺជាមិត្តល្អ ដែលបានជួយកម្ពុជា តំាងពីគ្រាដែលកម្ពុជាជួបការលំបាកនាដើមទសវត្សរ៍ឆ្នាំ ៨០មកម្ល៉េះ ។ សាធារណរដ្ឋឆែកបានជួយកម្ពុជាស្ទើគ្រប់វិស័យ ប៉ុន្តែទំនាក់ទំនងកិច្ចសហប្រតិបត្តិការខាងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនៅមានកម្រិត ដែលគួរពង្រឹងពង្រីកបន្ថែមទៀត នៅពេលនេះ ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរមិនត្រឹមនាំមកនូវផលប្រយោជន៍ សេចក្តីសុខ ការរីកចម្រើនសម្រាប់កម្ពុជា និង ឆែកនោះទេ តែទំនាក់ទំនងល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងរដ្ឋសភាកម្ពុជា និងឆែក នឹងរួមចំណែកដល់ការកសាងបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទំាងការអភិវឌ្ឍប្រកបដោយចីរភាពដល់ពលរដ្ឋនៅក្នុងសកលលោក ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការពង្រឹងគោលការណ៍ពហុនិយមមានសារៈសំខាន់នៅក្នុងកាលៈទេសៈដែលពិភពលោកស្ថិតនៅក្នុងស្ថានភាពហានិភ័យខ្ពស់ដូចពេលបច្ចុប្បន្ននេះ ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក ប្រចាំនៅកម្ពុជា នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នាវិមានរដ្ឋសភា។
ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់សាធារណរដ្ឋឆែក ពិនិត្យលទ្ធភាពលើកកម្ពស់ទំហំពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជាជនប្រទេសទាំងពីរឱ្យមានការរីកចម្រើនឡើងផងដែរ។
ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា បានគាំទ្រការលើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់រដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលកំពុងធ្វើការយ៉ាងសកម្ម និងស្វាហាប់នៅក្នុងការដឹកនាំប្រទេសជាតិ ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបង្ហាញនូវជំនឿចិត្តមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី កម្ពុជានឹងទទួលបានការអភិវឌ្ឍកាន់តែឆាប់រហ័ស។
នៅក្នុងបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា បានសន្យាថា នឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើងទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្នឆែកបានកំពុងពិនិត្យសិក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ពីលទ្ធភាពដល់ការជួយអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានគាំទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាពីការពង្រឹងពង្រីកទំនាក់ទំនងប្រជាជននិងប្រជាជន ថាពិតជាមានសារៈសំខាន់ ក្នុងការចូលរួមលើកកម្ពស់ផលប្រយោជន៍នៃប្រទេសទាំងសងខាង ៕
ដោយ ៖ ហេង សម្បត្តិ , ថេត វិចិត្រ