កម្ពុជា-ចិន វាយតម្លៃខ្ពស់ កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន
(ភ្នំពេញ)៖ កម្ពុជា-ចិន បានវាយតម្លៃខ្ពស់ និងបានសម្តែងការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើននៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
ការឯកភាពគ្នានេះ ក្នុងឱកាសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី កម្ពុជា បានទទួលជួប ឯកឧត្តម កាវ អ៊ីនឡុង អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ។
ក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ដ៏កក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាពេលនេះ ពិតជាបានរួមចំណែកដ៏ធំធេងអភិវឌ្ឍចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងសភាទាំងពីរ ឱ្យកាន់តែរឹងមាំស៊ីជម្រៅជាងទៀត នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។
ឯកឧត្តម កាវ អ៊ីនឡុង បានជម្រាបអំពីគោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បី៖ ១) ចូលរួមអនុវត្តជាក់ស្តែងនៃការជំរុញទំនាក់ទំនងចិន-កម្ពុជា និងការជំរុញការកសាងសហគមន៍ជោគវេសនារួមចិន-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ២) ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន និង ៣) ចូលរួមការដាក់ដំណើរការកិច្ចសហប្រតិបត្តិការកម្ពុជានិងចិន ដើម្បីផលប្រយោជន៍ប្រជាជនក្រោមក្របខ័ណ្ឌប្រតិបត្តិការជំរុញការតភ្ជាប់ប្រជាជននិងប្រជាជនតាមផ្លូវសូត្រ។
ឯកឧត្តម កាវ អ៊ីនឡុង បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលយ៉ាងច្រើននៃទំនាក់ទំនងចិន-កម្ពុជា ដែលឆ្លុះបញ្ចាំងពីមិត្តភាពដែកថែប តាមរយៈការជួបតំណាងសមាគមន៍ និងប្រជាជននៅមូលដ្ឋាន។
ក្នុងនាមគណៈប្រតិភូ ឯកឧត្តម កាវ អ៊ីនឡុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តកម្ពុជា ដែលបានគាំទ្រផលប្រយោជន៍ស្នូលរបស់ចិន និងគាំទ្រចិននៅលើឆាកអន្តរជាតិ ព្រមទាំងគាំទ្រដល់គំនិតផ្តួច ផ្តើមផ្លូវ និងខ្សែក្រវ៉ាត់។
ជាមួយគ្នានោះ ឯកឧត្តមសង្ឈឹមថា ការផ្លាស់ប្តូររវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន រវាងសង្គមស៊ីវិល និងរវាងសហគ្រាសនៃប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹងពង្រីកឱ្យរឹងមាំ និងល្អប្រសើរថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទី បានឯភាពចំពោះប្រសាសន៍ឯកឧត្តមប្រធានគណៈប្រតិភូ ដែលបានលើកឡើងអំពីការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ប្រទេសទាំងពីរ ។ ផ្អែកលើមូលដ្ឋានចំណងសាមគ្គីភាព មិត្តភាពដ៏រឹងមាំនេះ មិនអាចមានកម្លាំងណាមកបំបែកបំបាក់នូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនេះបានឡើយ។
សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថាឆ្នាំ២០២៣នេះ គឺជា “ឆ្នាំមិត្តភាព កម្ពុជា-ចិន” និងជាខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន។ ប្រទេស និងប្រជាជនទាំងពីរ បានរួមគ្នាប្រារព្ធពិធីអបអរសាទរជាច្រើន ដើម្បីបង្កើនការយល់ដឹងពីវប្បធម៌ និងជីវភាពរស់នៅរវាងគ្នាទៅវិញទៅមក ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន។
ក្នុងនាមប្រជាជនកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណនិងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈការផ្តល់ជំនួយនានា បានធ្វើឱ្យកម្ពុជាមានការវិវត្តដ៏ឆាប់រហ័សក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជា។ កម្ពុជាបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវ “គោលនយោបាយចិនតែមួយ” ហើយចាត់ទុកប្រទេសចិនជាបងប្អូនល្អ មិត្តភក្តិល្អ ដៃគូល្អ និងជាអ្នកជិតខាងល្អ។
សម្តេចប្រមុខរដ្ឋស្តីទី បានអបអរសាទរប្រកបដោយមោទនភាពយ៉ាងក្រៃលែងចំពោះជោគជ័យធំៗទាំងឡាយ ដែលសម្រចបានដោយការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នាពេលកន្លងមក។
ក្នុងនាមព្រឹទ្ធសភា សម្តេចបានបន្តគាំទ្រចំពោះផែនការសកម្មភាពនៃផែនការសកម្មភាពកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី (២០២៤-២០២៨) ដែលមានកិច្ចសហប្រតិបត្តិការគ្របដណ្តប់លើពហុវិស័យ។
សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីរីករាយដែលបានមើលឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរមានរីកចម្រើនជាលំដាប់។
ដើម្បីចូលរួមដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែទទួលបានជោគជ័យធំៗ ក្នុងយុគ្គសម័យថ្មី សភានៃប្រទេសទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិឱ្យកាន់តែខ្លាំងក្លាជាងមុនទៀត ។
សម្តេចប្រមុខរដ្ឋស្តីទីបានកត់សម្គាល់ថា តាមរយៈកិច្ចព្រមព្រៀងភាពនានា កម្ពុជាបាននឹងកំពុងទទួលនូវប្រយោជន៍ដ៏ធំធេងសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ។ តាមរយៈការជួយឧបត្ថម្ភគាំទ្រពីសភាប្រឹក្សានយោបាយប្រជាជនចិន ដល់ព្រឹទ្ធសភាកម្ពុជា ក៏បានរួមចំណែកដ៏ខ្លាំងក្លាដល់លើកកម្ពស់សមត្ថភាពសា្ថប័ន ក៏ដូចជាលើកកម្ពស់សមត្ថភាពមន្ត្រីរាជការដែលធ្វើការនៅក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ ៕
ដោយ / គ្រី សម្បត្តិ + ប៊ុនហុក