ទំនាក់ទំនងដ៏ល្អ កម្ពុជា-បារាំង មានតាំងពីយូរលង់មកហើយ ត្រូវបានពូនជ្រំជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់
(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនងដ៏ល្អ ជាប្រវត្តិសាស្រ្តនិងប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់មកហើយ ត្រូវបានពូនជ្រំជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់។ គួររំឭកថា ថ្នាក់ដឹកនាំកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសបារាំង កាលពីខែធ្នូ ឆ្នាំ២០២២ ហើយកាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក៏បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសបារំាងផងដែរ។ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងដំណើរទស្សកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធស្នាលជាទីបំផុត ពី ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។
ការលើកឡើងបែបនេះ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacgues Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ប្រទេសបារំាងដែលបានគាំទ្រកម្ពុជាតាំងពីដើមមក ជាពិសេសនៅក្នុងពេលនៃជំងឺរាតត្បាតកូវីដ១៩ បារាំងបានជួយបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តនិងផ្តល់ជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា បារាំងជាប្រទេសមួយ ដែលបានចូលរួមកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពដល់កម្ពុជា ដូចជាវិស័យ ច្បាប់ សុខាភិបាល កសិកម្ម ការអភិវឌ្ឍជនបទ ទឹកស្អាត បច្ចេកវិទ្យា ជាដើម។
សិស្សនិស្សិតកម្ពុជា ដែលបានសិក្សានៅប្រទេសបារាំង បានក្លាយជាថ្នាក់ដឹកនាំក្រសួងស្ថាប័នជាច្រើននៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បាននាំមកនូវការអញ្ជើញពីលោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំង ដែលបានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានសភាជាស្រ្តី នៅប្រទេសបារាំង នាខែមីនា ឆ្នាំ២០២៤ ខាងមុខ ។ វេទិកាដ៏សំខាន់នេះនឹងមានប្រធានសភាជាស្រ្តី នៅទូទាំងពិភពលោកប្រមាណ ៤០ប្រទេសចូលរួម ដើម្បីពិភាក្សា ចែករំលែកនូវឧត្តមានុវត្ត និងស្វែងរកដំណោះស្រាយ ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់សិទ្ធិស្រ្តី សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្រ្តី ។
ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា វត្តមានសម្តេចប្រធានរដ្ឋសភា នៅក្នុងវេទិកានេះមានសារៈសំខាន់បំផុតដល់ការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាចូលរួមរកដំណោះស្រាយបញ្ហានានារបស់ស្រ្តី ដែលបានកំពុងជួបប្រទះ មានជាអាទិ៍ អំពើហិង្សាលើស្រ្តី វិសមភាពការអប់រំ បញ្ហាសុខភាពជាដើម។ នៅកំឡុងពេលចូលរួមវេទិកានេះ សម្តេចប្រធានរដ្ឋសភា ក៏គ្រោងនឹងមានជំនួបជាមួយសមភាគីនៃរដ្ឋសភាបារាំង ដើម្បីជំរុញវឌ្ឍនៈភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ ហេង សម្បត្តិ , ថេត វិចិត្រ