មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំឱ្យជ័យលាភីអាហារូបករណ៍ ប្រឹងប្រែងសិក្សារៀនសូត្រ និងធ្វើជាភ្នាក់ងារផ្សព្វផ្សាយដ៏ល្អរបស់ជាតិ
ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣មានអញ្ជើញ ជួបសំណេះសំណាលជាមួយ និស្សិត ជ័យលាភីអាហារូបករណ៍រស់រដា្ឋភិបាលអូស្ត្រាលី២០២៤-២០២៥ នាទីស្តីការក្រសួង។

ក្នុងជំនួបជាមួយនិស្សិតជ័យលាភីចំនួន២៥រូប លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានផ្តាំផ្ញើដល់ជ័យលាភីទាំងអស់ ឱ្យធ្វើជាភ្នាក់ងារដ៏ល្អ របស់ កម្ពុជាក្នុងការផ្សព្វផ្សាយពីសង្គមជាតិ ពីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា ទៅកាន់និស្សិតអន្តរជាតិ ដែលសិក្សាជាមួយគ្នា ឱ្យបានយល់ដឹងពី កម្ពុជា ថែមទៀត។

លោកជំទាវ បានជំរុញឱ្យនិស្សិតទាំងអស់ ប្រឹងប្រែងក្នុងការក្រេបជញ្ជក់ ចំណេះដឹង និងដកស្រង់បទពិសោធន៍របស់អន្តរជាតិពេលកំពុងសិក្សា និងក្រោយការត្រឡប់មកមាតុភូមិវិញអាចចូលរួមការអភិវឌ្ឍសង្គមជាតិឬជាមួយរដ្ឋាភិបាលប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអ្នកមានឆ្នាំ២០៥០ខណៈ ដែលធនធានមនុស្សជាកតត្តាមិនអាចកាត់ផ្តាច់បានក្នុងការសម្រេចមហិច្ឆតានេះ៕
ដោយ៖វណ្ណលុក


