រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។

នាឱកាសនេះក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។ឯកឧត្តមរដ្ឋមន្ត្រី បានរំឭកអំពីបាវចនាទាំង៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព ព្រមទាំងអាទិភាពទាំង៥ នៃគោលនយោបាយមានដូចជា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលការងារទាំងនេះ ថ្នាក់ដឹកនាំត្រូវយល់ឱ្យបានច្បាស់ ដើម្បីអនុវត្តស្របតាមទិសដៅគោលនយោបាយ និងមានប្រសិទ្ធភាព។
ជាមួយគ្នាកម្មវិធីនយោបាយអាទិភាព ៦ចំណុចរបស់រាជរដ្ឋាភិបាលសម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣នេះដែរ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ពីកំណែទម្រង់ថ្មី ក្នុងគោលដៅប្រើដីរួម គឺសំខាន់ត្រូវកៀរគរពលរដ្ឋចូលរួម និងរួមគ្នាផលិតទ្រង់ទ្រាយធំ ឱ្យមានគុណភាព បំពេញតម្រូវការទីផ្សារ ទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ចំណូលច្រើនជាងមុនដល់កសិករ។ ជាយន្តការ គឺត្រូវជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំជាជំហាន ដោយក្នុងនោះឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដែលទើបបញ្ចប់ការប្រឡងជ្រើសរើស ឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ចំនួន៦៥០នាក់ សរុបចំនួន ១.៦០០នាក់ ដើម្បីជួយដល់កសិករទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដល់អង្គសន្និបាត គឺចាំបាច់ត្រូវរក្សានិងការពារសន្តិភាព ទប់ស្កាត់បញ្ហាអសកម្ម និងការផ្សព្វផ្សាយព័ត៌មានមិនពិត ការធ្វើបដិវត្តន៍ពណ៌ និងការធ្វើឱ្យមនុស្សស្អប់គ្នា ដែលជាកត្តារារាំងនៃការអភិវឌ្ឍ។ ទន្ទឹមនឹងនោះដែរ ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យបាននិងមានប្រសិទ្ធភាពបំផុត ផ្តើមចេញពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយត្រូវពិនិត្យលទ្ធភាពឱ្យមានរបបប្រជុំទៀងទាត់ ដោយគិតប្រយោជន៍ជាតិជាធំ ត្រូវមានការសន្ទនា យកបញ្ហាដាក់លើតុ និងចូលរួមពិភាក្សា ដោះស្រាយជាមួយគ្នាអនុលោមតាមច្បាប់ គោលនយោបាយ និងមានភាពប្រាកដនិយម។
គួរបញ្ជាក់ថាខេត្តបន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តក្នុងប៉ូលសេដ្ឋកិច្ចទី៤ ដែលមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។ ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋប្រមាណ ៦៥ភាគរយប្រកប របរកសិកម្ម និង៣៥ភាគរយទៀតជាអាជីវករ ពាណិជ្ជករ៕ដោយ៖ម៉ាដេប៉ូ


