អ្នកសារព័ត៌មាន ត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្មក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាលដោះស្រាយបញ្ហាចំគោលដៅទទួលបានប្រសិទ្ធភាព
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្មក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាលដោះស្រាយបញ្ហាចំគោលដៅទទួលបានប្រសិទ្ធភាព ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដលអនុ សាសន៍៧ចំណុចដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ២០ ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពាក្រមសីល ធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គមជេរប្រមាថ និងញុះញង់ បង្កឲ្យកើតមាន អរិភាពការបែកបាក់សាមគ្គីភាពជាតិ។
ការផ្ដល់អនុសាសន៍នេះធ្វើឡើងតាមរយៈសារលិខិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី ២០ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ ។ អនុសាសន៍ទាំង៧ ចំណុចនោះរួមមាន៖
១-បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិនិងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។
២-ផ្ដល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់ រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
៣- ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាចំគោលដៅមានប្រសិទ្ធភាព ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ។
៤-ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។
៥-បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលមានចរិតបំពុលសង្គម អាចធ្វើឲ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្ដាប់ធ្នាប់សង្គម។
៦-ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាង ការផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណជន។
៧-បណ្ដុះបណ្ដាលសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី លើកកម្ពស់គុណភាពព័ត៌មាន សណ្ដាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។
ជាមួយគ្នានេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នេះជាកម្លាំងចលករក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការកសាងប្រទេសឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ដោយសម្លឹងឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដោយស្មោះចំពោះស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មានដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការ ចុះយកព័ត៌មាន ការចែករំលែកព័ត៌មានការផ្សព្វផ្សាយព័ត៌មានបានរហ័សទាន់សភាពការណ៍ និងទូលំទូលាយទាំងនៅក្នុងក្របខណ្ឌជាតិ អន្តរជាតិ ជូនប្រជាពល រដ្ឋ ដើម្បីស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជាពិសេសព្រឹត្តិការណ៍ធំៗ ជាប្រវត្តិសាស្ត្រ នាពេលកន្លងមកដូចជា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធព្រឹត្តិការណ៍បោះឆ្នោតសកលនីតិកាលទី ៧ ឆ្នាំ ២០២៣ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ធ្វើឲ្កិត្យា នុភាព របស់កម្ពុជា ល្បីរន្ទឺ នៅលើឆាកអន្តរជាតិ។
បន្ថែមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរផងដែរចំពោះការផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូក ដែលទទួលបានជោគជ័យយ៉ាងធំធេងនាពេលថ្មីៗកន្លងទៅនេះ។
សម្ដេចធិបតី សង្ឃឹមថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២៣ នឹងផ្តល់នូវលទ្ធផលប្រកបដោយផ្លែផ្កាដើម្បីបន្តជំរុញអភិវឌ្ឍន៍ប្រព័ន្ផ្សព្វ ផ្សាយនៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើនមួយកម្រិតថែមទៀត ។ សម្ដេចក៏សូមជូនពរដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការពិភាក្សារបស់ខ្លួនផងដែរ ៕
ដោយ ៖ វណ្ណលុក



