សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធ្វើអ្វីក៏ដោយ យើងត្រូវតែគិតពីផល ប្រយោជន៍ប្រជាពលរដ្ឋជាធំ
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា ធ្វើអ្វីក៏ដោយ យើងត្រូវតែគិតគូរពីប្រជាពលរដ្ឋរបស់យើង ពោលគឺយកមនុស្សជាគោល ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានអំពាវនាវឱ្យក្រសួងស្ថាប័ននានា ត្រូវពិនិត្យរាល់ក្របខណ្ឌច្បាប់ទាំងឡាយ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកដែរថា ការអភិវឌ្ឍ គឺជារឿងចាំបាច់ដែលយើងត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន និងទៅអនាគត ប៉ុន្តែយើងក៏ត្រូវតែគិតគូរអំពីការថែរក្សានូវតម្លៃ និងផលប៉ះពាល់លើបរិស្ថានផងដែរ ព្រោះបើមិនដូច្នេះទេ យើងនឹងសប្បាយតែក្នុងពេលបច្ចុប្បន្ន ឯកូនចៅជំនាន់ក្រោយរបស់យើងនឹងជួបការលំបាក។
សម្តេចធិបតី បានបន្តថា ការដាក់ចេញនូវគោលនយោបាយសំខាន់នៅពេលនេះ គឺជាការបង្ការនូវឱកាសដែលកូនចៅ ចៅទួតរបស់យើង ត្រូវលំបាកវេទនាដោយសារបញ្ហាបរិស្ថានដែលយើងបានបង្កើតឡើង ៕
អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ