សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យអនុវត្តច្បាប់ចំពោះ អ្នកបើកបរបង្កគ្រោះថ្នាក់ ចរាចរណ៍បុកមនុស្សស្លាប់
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបញ្ជាឱ្យ អាជ្ញាធរចាប់ឃាត់ខ្លួនជនដែលល្មើសចរាចរណ៍ បុកមនុស្សបណ្តាលឱ្យស្លាប់នៅនឹងកន្លែងដោយមិនចាំបាច់សុំគោលការណ៍ពីស្នងការនគរបាលឡើយ។
សម្តេចបានចេញបទបញ្ជានេះក្នុងពិធី «បិទសន្និបាតបូកសរុប លទ្ធផលការងារបរិស្ថាន ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤» នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី សង្កត់ធ្ងន់ថា៖ ខ្ញុំសូមចេញបទបញ្ជា ប្រសិនមានបទល្មើសជាក់ស្តែង បើក ឡានបុកគេស្លាប់ មិនបាច់សុំគោលការណ៍ គឺចាប់តែម្តងទៅ ឃាត់ខ្លួនទៅ បើគាត់តវ៉ា វាយខ្នោះតែម្តងទៅ ហើយកូនប៉ូលីសធ្វើចុះ មិនបាច់ទៅសុំស្នងការអីទេ ទៅចាប់ចុះ ។
សម្តេចធិបតី បានប្រាប់ឱ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ ប្រសិនឃើញករណីជាក់ស្តែងកើត ឡើងនៅនឹងកន្លែង ហើយសម្តេចអះអាងថា ខ្នងរបស់សមត្ថកិច្ចគឺនាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចថា ប្រសិនជាធ្វើទៅមានបញ្ហា ទៅដល់កន្លែង គេដកបញ្ឈរជើង ប្រាប់ខ្ញុំ (សម្តេចធិបតី ហ៊ុន ម៉ាណែត) ខ្ញុំដំឡើងស័ក្តឱ្យ មេដែលចាត់ចែងដាក់វិន័យបងប្អូន ដែលធ្វើខុសគ្មានមូលហេតុ ខ្ញុំនឹងចាត់វិធានការគ្នា ខំធ្វើត្រូវ ត្រូវលើកទឹកចិត្ត ៕
អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ