សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងកម្លាំងពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌ
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំង ប្រដាប់ អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថា កងកម្លាំងណា មានប្រើប្រាស់ ឬពាក់ព័ន្ធ គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ ។
សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងប្រដាប់អាវុធ ដែលជាមន្ត្រីអនុវត្តច្បាប់ ត្រូវតែធ្វើឱ្យល្អស្អាតស្អំ គ្មានពាក់ព័ន្ធ នឹង គ្រឿងញៀន ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា ឥឡូវទិសដៅមួយដែល យើងត្រូវធ្វើ ហើយខ្ញុំចេញថ្ងៃនេះ ខ្ញុំបានជជែកជាមួយ ឯកឧត្តម ស សុខា និង ឯកឧត្តម ទៀ សីហា ដែរ គឺត្រូវបន្សុទ្ធកម្លាំងរបស់យើង ត្រូវបោសសំអាតគ្រឿងញៀន ចេញពីកងកម្លាំងប្រដាប់អាវុធត្រូវតែ ធ្វើមុនគេ ព្រោះអ្នកអនុវត្តច្បាប់ ត្រូវតែស្អាតមុនគេ ។
សម្តេច ថា ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាស រួចហើយថា មន្ត្រីនគរបាលណា ដែលធ្វើតេស្តរកឃើញគ្រឿងញៀន គឺត្រូវតែបណ្តេញចេញពីក្របខណ្ឌ។ ដោយឡែកសម្រាប់ក្នុង ក្រប ខណ្ឌកងទ័ព ក៏មានការអនុវត្តបណ្តេញទាហានណា ដែលរកឃើញ សារធាតុផងដែរ ចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះកងកម្លាំង ប្រដាប់ អាវុធ ណា ដែលជួញដូរគ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌ និងប្រឈមចំពោះមុខច្បាប់ ។
សូមរំលឹកថា យោងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣ បានបណ្ដេញនគរបាលប្រឆាំងគ្រឿងញៀន ថ្នាក់ វរសេនីយត្រីមួយរូប ចេញពីក្របខ័ណ្ឌនគរបាលជាតិ ដែលជានាយ រងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ។
មន្ត្រីរូបនេះត្រូវបានបណ្តេញចេញពីក្របខណ្ឌ ដោយសារតែ ក្រសួង រកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សារក្សាទុក និងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពី ខែកញ្ញា ឆ្នាំ២០១៩ ៕
អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ