គ.ជ.ប ប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ២៧៩រូប
គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ រៀបចំការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី ចំនួន ២៧៩រូប ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៣ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី ចំនួន ២៧៩រូប លើមុខតំណែងចំនួន ១០ ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
មុខតំណែងដែលត្រូវប្រឡងជ្រើសរើសទាំង ១០ រួមមាន ៖
– ជំនួយការរដ្ឋបាល
– ការីកុំព្យូទ័រ
– គណនេយ្យករ
– បេឡាធិការ
– អនុប្រធានផ្នែកប្រតិបត្តិការទទួលបន្ទុកភស្តុភារ
– មន្ត្រីប្រតិបត្តិការ និងភស្តុភារ
– មន្ត្រីទទួល និងដោះស្រាយបណ្ដឹង
– ការីវិទ្យុទាក់ទង
– អ្នកយាម
– អ្នកបើកបររថយន្ត
សូមបញ្ជាក់ថា មន្ត្រីដែលប្រឡងជាប់ទាំងអស់នឹងទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវមុននឹងចូលបម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕ប្រភព គ.ជ.ប