ក្រសួងធនធានទឹក អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នសុខភាព ខណៈធាតុអាកាសចុះត្រជាក់ (Video Inside)

ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន ក្នុងការថែរក្សាសុខភាព ខណៈមានធាតុអាកាសចុះត្រជាក់ខុសធម្មតា។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ការចុះត្រជាក់នេះ គឺដោយសារប្រព័ន្ធ នៃសម្ពាធខ្ពស់នៅលើប្រទេសចិន ដែលបានបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។

សីតុណ្ហភាពត្រជាក់អប្បបរមានឹងមានរវាងពី ១៦ ទៅ២២អង្សាសេ និងសីតុណ្ហ ភាពអតិបរមា នឹងមានរវាងពី២៨ ទៅ៣០ អង្សាសេរវាងពីថ្ងៃទី២១ដល់២៤ធ្នូ។ នៅខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពត្រជាក់អប្បបរមា នឹងមានរវាងពី១៦ ទៅ១៨ អង្សាសេ។

ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពត្រជាក់អប្បបរមា មានរវាងពី ១៥ ទៅ២១ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៨ទៅ៣០ អង្សាសេ។ តាមការព្យាករណ៍នៅ ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី ១៥ទៅ ១៧ អង្សាសេ។

ដោយឡែកនៅតំបន់មាត់សមុទ្ទនោះវិញ សីតុណ្ហភាពត្រជាក់អប្បបរមា មានរវាងពី ២១ទៅ ២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាមានរវាងពី៣០ទៅ៣២ អង្សាសេ។

ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងដាស់តឿន ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ។

ads banner