ត្រីរៀលតុប ត្រីរៀលអង្កាម ជាប្រភេទត្រីសម្បូរ និង ជាត្រីគេនិយមធ្វើប្រហុក
ភ្នំពេញ៖ រដូវកាលត្រីប្រហុកបានមកដល់ហើយ ។ នាពេលនេះដែរនៅតំបន់សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ក្នុងរាជធានីភ្នំពេញត្រូវបានគេឱ្យដឹងថា ៖ ត្រីប្រហុកដែលសម្បូរច្រើន គឺប្រភេទត្រីរៀលតុប និងត្រីរៀលអង្កាម ដែលជាប្រភេទត្រីល្អបំផុតក្នុងការធ្វើប្រហុកខ្មែរ។
អ្នកស្រី ចាំ ភាព ម្ចាស់ឡូតិ៍នេសាទ តាមគន្លងដាយ ប្រចាំនៅសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ បានឱ្យដឹងថា បច្ចុប្បន្នឡូតិ៍នេសាទអ្នកស្រី ក្នុងចំណោមត្រីប្រហុក ដូចជា ត្រីរៀល ត្រីលិញ ត្រីចង្វារមូលជាដើមនោះ អ្នកស្រីឃើញសម្បូរបំផុត គឺ ត្រីរៀលតុប និងត្រីរៀលអង្កាម ។ សម្រាប់រដូវនេសាទ ត្រីទើបតែចាប់ផ្តើមត្រូវចាប់ពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣មកនេះ ត្រីទាំង២ប្រភេទនេះនិងរួមទាំងត្រីដទៃទៀតនៅត្រង់ឡូតិ៍នេសាទអ្នកស្រី អាចចាប់បានចន្លោះពី ១តោនដល់ ២តោនក្នុងមួយថ្ងៃ ។
ដោយឡែក លោក ម៉ិន យ៉ិច អ្នកធ្វើត្រីប្រហុកលក់នៅសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវបានឱ្យដឹងថា ត្រីរៀលតុប និងត្រីរៀលអង្កាម គឺជាត្រីប្រភេទធ្វើប្រហុកល្អបំផុត ។ក្នុងឆ្នាំនេះត្រីទាំង ២ប្រភេទ កំពុងមានច្រើនជាងប្រភេទត្រីប្រហុកដទៃទៀត ។ សម្រាប់ត្រីប្រហុកឆ្នាំនេះលោកទិញត្រីស្រស់ក្នុងមួយគីឡូក្រាមតម្លៃ ១៧០០រៀល ។ ក្នុងត្រីស្រស់ទម្ងន់ ៣គីឡូក្រាមកន្លះធ្វើប្រហុកបាន ១គីឡូក្រាម ។ សម្រាប់ប្រហុកលោកលក់ចេញក្នុងមួយគីឡូក្រាមតម្លៃ ១០០០០រៀល។
តើត្រីរៀលតុប,ត្រីរៀលអង្កាម មានលក្ខណៈពិសេស និងមានរូបរាងយ៉ាងណាដែរ?
*ត្រីរៀលតុប
ត្រីរៀលតុបដែលមានឈ្មោះវិទ្យាសាស្ត្រ (Gymnostomus siamensis) គឺជាប្រភេទត្រីទឹកសាប «តិណាសី» ។ វាមានប្រវែងដងខ្លួនអតិបរមា ២០សង់ទីម៉ែត្រ ស៊ីសារាយ ស្លែ ពពួកអតិសខុមប្រាណ និងហ្វីតូប្លង់តុង ។ ពួកវារស់នៅច្រើន តាមដងទន្លេមេគង្គ និងបឹងទន្លេសាប ។ ប្រជាជនកម្ពុជា និយមយកត្រីរៀលតុបទៅកែច្នៃធ្វើជាប្រហុក ត្រីឆ្អើរ និងទឹកត្រី ទុកសម្រាប់ហូបនៅរដូវខ្សត់ត្រី ។ ត្រីរៀលតុប ជាប្រភេទត្រីដែលធ្វើចរាចរផ្លាស់ទីផ្លូវឆ្ងាយ ជាហ្វូងដ៏ច្រើនលើសលប់។ ក្នុងអំឡុងពេលធ្វើចរាចរផ្លាស់ទីដើម្បីពង-កូន ត្រីរៀលតុប មិនសូវស៊ីចំណីទេ គឺវាពឹងផ្អែកលើជាតិខ្លាញ់ដែលមាននៅក្នុងខ្លួន ដើម្បីចិញ្ចឹមជីវិត (MRC)។ប្រជាជនកម្ពុជា ពិសេស អ្នករស់នៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងបឹងទន្លេសាប ភាគច្រើនស្គាល់ត្រីប្រភេទនេះយ៉ាងច្បាស់។
*ត្រីរៀលអង្កាម
ត្រីរៀលអង្កាម មានឈ្មោះវិទ្យាសាស្ត្រ (Gymnostomus lobatus) ប្រភេទត្រីនេះ គេឃើញមានរស់នៅច្រើន តាមដងទន្លេមេគង្គ និងបឹងទន្លេសាប។ ពួកវាមានប្រវែងដងខ្លួនអតិបរមា ១៥ ស.ម ស៊ីសារាយ ស្លែ ពពួកអតិសខុមប្រាណ និងហ្វីតូប្លង់តុង។
បើយោងតាមការសិក្សារបស់អ្នកស្រាវជ្រាវនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្តកន្លងមកគេបានរកឃើញត្រីទាំង២ប្រភេទនេះច្រើនរស់នៅភាគខាងជើងនៃបឹងទន្លេសាប ចន្លោះពីខែតុលាដល់ខែធ្នូ ខណៈពេលដែលការបង្ហាញវត្តមានឡើងវិញ (រយៈពេលខ្លី) នៃប្រភេទនីមួយៗ ត្រូវបានអង្កេតឃើញនៅទន្លេសាប ចន្លោះពីខែធ្នូដល់ខែកុម្ភៈ។ លើសពីនេះទៅទៀត ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បន្ទាប់ពីទឹកបឹងទន្លេសាបស្រក ត្រីរៀលអង្កាមចាប់ផ្តើមផ្លាស់ទីចេញពីបឹងមុនត្រីរៀលតុប។ ប៉ុន្តែការផ្លាស់ទីចេញ នៃត្រីរៀលអង្កាម ដែលមានល្បឿនប្រហែល ២,៣ គ.ម.ក្នុងមួយថ្ងៃ គឺយឺតជាងត្រីរៀលតុប ដែលមានល្បឿនប្រហែល៧,៩ គ.ម.ក្នុងមួយថ្ងៃ ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកវាផ្លាស់ទីចេញក្នុងល្បឿនប្រហាក់ប្រហែលគ្នា ប្រហែល១៦ គ.ម.ក្នុងមួយថ្ងៃ នៅពេលដែលពួកវាបានធ្វើចរាចរមកដល់ទន្លេសាប ។
គួរបញ្ជាក់ថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងបញ្ជាក់ឱ្យដឹងនាថ្មីៗនេះថា ក្នុងឆ្នាំនេះ ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ៥ភាគរយ ដោយសារការសហការបង្ការនិងបង្ក្រាបបទល្មើសនេសាទប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការធ្វើប្រហុក រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋភាគច្រើននៅតែបន្តធ្វើប្រហុកតាមបែបប្រពៃណីសម្រាប់ការប្រើប្រាស់ប្រចាំគ្រួសារ។ រីឯសហគ្រិនខ្នាតតូច និងមធ្យមវិញ កំពុងកែច្នៃប្រហុកស្ងួតតាមតម្រូវការទីផ្សារ ហើយបច្ចុប្បន្នកំពុងស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាព សុវត្ថិភាព ដើម្បីបង្កើនទំនុកចិត្ត និងតម្លៃបន្ថែមសម្រាប់ការនាំចេញ ៕
ដោយ៖ម៉ាដេប៉ូ