សមាជិកសភាបក្សប្រឆាំងឥណ្ឌាភាគច្រើន ត្រូវបានរារាំងមិនឱ្យចូលប្រជុំ

ញូវដេល្លី៖ ជាងពាក់កណ្តាលនៃសមាជិកសភាបក្សប្រឆាំងទាំងអស់ត្រូវបានរារាំងពីសម័យប្រជុំសភា នៅប្រទេសឥណ្ឌា ដោយសាតែពួកទាមទារឲ្យមានការជជែកដេញដោល លើបាតុកម្មដែលបានកើតមានឡើង កាលពីសប្តាហ៍មុន។ ជាមួយគ្នានេះ ក៏ផ្ទុះចេញបាតុកម្ម ក្នុងចំណោមសមាជិកសភាទាំងនោះ ខណៈដែលធុងបាញ់ចេញផ្សែង ត្រូវបានដាក់ នៅក្នុងសភា។

សមាជិកសភា ចំនួន១៤១ រូប ដែលត្រូវបានព្យួរ គឺជាក្រុមប្រឆាំងនៃគណបក្ស ចំនួន ២៦ ដែលត្រូវបានដាក់ឈ្មោះថា «INDIA» ។ ពួកគេគឺជា «សម្ព័ន្ធភាពរួមបញ្ចូលការអភិវឌ្ឍន៍ជាតិរបស់ឥណ្ឌា» ដែលត្រូវបានបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោះឆ្នោតទូទៅ ដែលគ្រោងធ្វើឡើង នៅដើមឆ្នាំក្រោយ។

កាលពីថ្ងៃទី ១៣ ខែធ្នូ បុរសម្នាក់បានធ្វើឱ្យសមាជិកសភាស្រឡាំងកាំង នៅពេលដែលគេបានលោតចេញពីវិចិត្រសាលរបស់អ្នកទស្សនា ចុះមកលើជាន់ នៃសភាជាន់ទាប ហើយបញ្ចេញផ្សែងពណ៌លឿង ចេញពីកំប៉ុង។ ការតវ៉ា កំប៉ុងផ្សែង នេះបានកើតឡើង នៅខួបលើកទី ២២ នៃការវាយប្រហារ លើសភា។

នៅថ្ងៃបន្ទាប់ សមាជិកសភា ១៤ នាក់ត្រូវបានរារាំង មិនឲ្យចូលសភា ដោយចោទថា មានពាក់ព័ន្ធនឹងរឿងនេះ ហើយពួកគេចាត់ទុក ការតវ៉ានេះ បានរំលោភបំពានសន្តិសុខធ្ងន់ធ្ងរ។ នៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ សមាជិកសភាគណបក្សប្រឆាំង ចំនួន ៧៨ នាក់ផ្សេងទៀតត្រូវបានព្យួរពីសម័យប្រជុំ នៅសេសសល់ ដោយគ្រោងនឹងបញ្ចប់ការប្រជុំ នៅថ្ងៃសុក្រ សប្តាហ៍នេះ។

កាលពីថ្ងៃអង្គារ សប្តាហ៍នេះ សមាជិកសភា ៤៩ នាក់ទៀតត្រូវបានរារាំង បន្ទាប់ពីពួកគេបានស្រែកពាក្យស្លោក នៅក្នុងសភា ដោយទាមទារឱ្យរដ្ឋមន្ត្រីមហាផ្ទៃដ៏មានឥទ្ធិពល លោក Amit Shah លាលែងពីតំណែង។

នាយករដ្ឋមន្ត្រី លោក Narendra Modi នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយ ជាមួយកាសែត Dainik Jagran បានហៅ «ការតវ៉ាកំប៉ុងផ្សែង» ថា ជារឿងធ្ងន់ធ្ងរ ហើយបានបញ្ជាឱ្យមានការស៊ើបអង្កេតលម្អិត ប៉ុន្តែលោកបាននិយាយថា «មិនចាំបាច់» សម្រាប់ការពិភាក្សា ក្នុងសភានោះទេ។

នាយករដ្ឋមន្ត្រី ដែលនៅតែមានប្រជាប្រិយភាពរូបនេះ កំពុងស្វែងរកអាណត្តិទី៣ ជាប់ៗគ្នា នៅក្នុងការបោះឆ្នោតជាតិ ដែលនឹងធ្វើឡើង នៅខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner