បុណ្យកាំជ្រួចនៅតំបន់កាស្មៀរ ចំពេលចុះត្រជាក់ខ្លាំង នារដូវរងារ
កាស្មៀរ៖ ពិធីបុណ្យកាំជ្រួចនៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា បានចាប់ផ្តើម ចំពេលអាកាសធាតុចុះត្រជាក់ខ្លាំង នារដូវរងារ ដែលមានរយៈពេល៤០ថ្ងៃ។
ក្រុមអ្នកស្រុកមូស្លីម ដែលរស់នៅក្នុងសង្កាត់ចាស់ៗរបស់ឥណ្ឌា ស្ថិតនៅក្នុងទីក្រុង Srinagar ដ៏សំខាន់ របស់តំបន់ Kashmir បានប្រារព្ធពិធីបុណ្យប្រចាំឆ្នាំរបស់ខ្លួន។ នៅឯទីសក្ការបូជារបស់ពួកបរិសុទ្ធ Sufi Mian Shah Sahib ពួកគេបានគប់កាំជ្រួច ក៏ដូចជា ផាវ ទៅលើអូរមួយកន្លែង កាលពីព្រលប់ថ្ងៃទី២១ ខែធ្នូ ដើម្បីទុកជាការប្រារព្ធពិធីបុណ្យកាំជ្រួចនេះ។
ពិធីបុណ្យតូចមួយនេះបានធ្វើឡើង ស្របពេលជាមួយគ្នានឹងការចាប់ផ្តើម នៃរដូវរងាដ៏ត្រជាក់បំផុត ដែលមានរយៈ៤០ថ្ងៃ នៅក្នុងតំបន់ជួរភ្នំហិម៉ាឡៃយ៉ាន ដែលមានជម្លោះមួយនេះ។
ដំបូងឡើយ ពិធីនេះធ្លាប់ជាពិធីបុណ្យប្រពៃណីចម្រុះរួមគ្នា រវាងក្រុមមូស្លីម និងក្រុមហិណ្ឌូ ក៏ប៉ុន្តែ ឥឡូវនេះ ត្រូវបានរៀបចំឡើងដោយក្រុមអ្នកកាន់សាសនាឥស្លាម តែឯងនោះទេ ដោយសារតែអ្នកកាន់សាសនាហិណ្ឌូ ភាគច្រើន បានភៀសខ្លួនចេញពីអំពើហិង្សា ក្នុងតំបន់នេះ អស់រយៈពេល ជាង៣ទសវត្សរ៍មកហើយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត