ក្រសួងប្រៃសណីយ៍ បានរួមចំណែកជួយគាំទ្រដល់រាជរដ្ឋាភិបាល អនុវត្ត ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ បានចូលរួមចំណែកនៅក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ។
គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ជាអាទិ៍៖ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍, កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល និងការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល, ការៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដើម្បីជំរុញការចាប់យកឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យក្លាយទៅជាពលរដ្ឋឌីជីថល ក្នុងរយៈពេល ១០-១៥ឆ្នាំខាងមុខ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងបែបនេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទក្រសួង ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើង ពីការធ្វើបរិវត្តកម្មឌីជីថល ក្នុងក្រសួង-ស្ថាប័ន ការបង្កើតអង្គភាពបរិវត្តកម្មឌីជីថល ការរៀបចំតភ្ជាប់បណ្តាញរាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឧបករណ៍និងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ការរៀបចំផែនការអភិវឌ្ឍឌីជីថលក្នុងក្រសួងនីមួយៗ និងការរៀបចំផែនការសកម្មភាពជាដើម ៕
ដោយ ៖ ង៉ាន់ ទិត្យ