ប្រទេសប៉េរូរឹបអូសបានអណ្តើក Amazon រស់ ៤០០០ក្បាល នៅអាកាសយានដ្ឋាន
លីម៉ា៖ សេវាកម្មសត្វព្រៃជាតិរបស់ប្រទេសប៉េរួ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា អាជ្ញាធរប៉េរូបានចាប់សត្វអណ្តើកនៅរស់ ប្រហែល៤០០០ក្បាល ដែលមានដើមកំណើត នៅអាម៉ាហ្សូន (Amazon)។ ប្រតិបត្តិការរឹបអូសនេះបានធ្វើឡើង នៅឯអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់ របស់ប្រទេសនេះ។
សេវាព្រៃឈើ និងសត្វព្រៃជាតិបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានស្ទាក់ចាប់ «ការដឹកជញ្ជូនអណ្តើករស់ នៅឯអាកាសយានដ្ឋាន Jorge Chavez ដែលគេត្រៀមនាំចេញ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី»។
ក្នុងចំណោមសត្វល្មូនទាំងនោះ រួមមានកូនអណ្តើក Arrau ដែលជាអណ្តើកទន្លេធំជាងគេ នៅអាមេរិកខាងត្បូង និងអណ្តើកទន្លេ មានដៅពណ៌លឿង។ អណ្តើរទាំងនេះត្រូវបានគេរកឃើញ នៅក្នុងធុងប្លាស្ទិកថ្លា តូចៗ នៅខាងក្នុងប្រអប់ក្រដាសកាតុង។
អណ្តើកទាំងពីរប្រភេទនេះត្រូវបានចុះបញ្ជី នៅក្នុងអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិ ដោយចាត់ទុកជា ប្រភេទសត្វព្រៃជិតផុតពូជ (CITES) ដែលតម្រូវឱ្យមានការតាមដាន ។
យោងតាមអង្គការប៉ូលីសឧក្រិដ្ឋកម្មអន្តរជាតិ ឬ អង្គការ Interpol បានឲ្យដឹងថា ទីផ្សារងងឹតសម្រាប់ផលិតផលសត្វព្រៃខុសច្បាប់ មានតម្លៃរហូតដល់ ២០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ហើយកំពុងជំរុញប្រភេទសត្វព្រៃទាំងនោះ ឈានដល់កម្រិត នៃការផុតពូជ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត