១១ខែ ឆ្នាំនេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែមានប្រមាណជាង ៧លានតោន កើនឡើង ១១,៣៤%

(ព្រះសីហនុ)៖ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់កំពង់ផែមានប្រមាណជាង ៧លានតោន កើនឡើង ១១,៣៤% ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័ត នៅគែមផែរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា ។

ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនជាមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ គិតចាប់ពី ឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ។

រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ថា ការណ៍នេះបានចូលរួមចំណែកក្នុងការរក្សាកំណើន សេដ្ឋកិច្ចជាតិ ប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយចីរភាពក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយមុនការផ្ទុះឡើង នៃជំងឺកូវីដ-១៩ និងវិបត្តិនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងក្រោយមកក៏នៅបន្តមានកំណើនក្នុងអាត្រា ៥,៦% ក្នុងឆ្នាំ២០២៣ និង ៦,៦% ក្នុងឆ្នាំ២០២៤ ដែលក្នុងនោះអនុវិស័យដឹកជញ្ជូន និង គមនាគមន៍ ត្រូវបានព្យាករណ៍ថា នឹងបន្តសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់ ៧,៩% ក្នុងឆ្នាំ២០២៣ និង ៨% ក្នុងឆ្នាំ២០២៤ ដោយសារការបន្តនិន្នាការកើនឡើងនៃសកម្មភាពដឹកជញ្ជូន និងគមនាគមន៍ នេះបើយោងតាមការប៉ាន់ស្មាន និងព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner