ជប៉ុន​ ប្រឆាំង​នឹង​​តុលាការកូរ៉េ​ខាង​ត្បូង​ដែលបញ្ជា​ឱ្យ​ក្រុមហ៊ុនជប៉ុន​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​ក្នុងសម័យ​សង្រ្គាម

សេអ៊ូល៖តុលាការ​កំពូលកូរ៉េខាងត្បូង​ នៅថ្ងៃព្រហស្បតិ៍​ ទី២១ ធ្នូ នេះ​បាន​បង្គាប់បញ្ជាឱ្យ​ក្រុមហ៊ុន​ជប៉ុនចំនួន​ពីរផ្តល់សំណងដល់​ប្រជាជនកូរ៉េ​ដែលរងការបង្ខំឱ្យធ្វើការក្នុង​អំឡុងពេល​ដែល​ជប៉ុន​ត្រួតតា​កូរ៉េ​ពី​ឆ្នាំ១៩១០​-១៩៤៥​។ ក្រោយការសម្រេច​របស់​តុលាការកូរ៉េខាងត្បូងនេះ​ ជប៉ុនបាន​ចេញមុខ​តវ៉ា​ភ្លាមៗ​តែ​ម្តង​។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក យ៉ូហ្ស៊ីម៉ាសា ហាយ៉ាហ្ស៊ី​ (Yoshimasa Hayashi) បានមាន​ប្រសាសន៍​ថា​ សេចក្តីសម្រេច​របស់តុលាការ​កំពូល​កូរ៉េខាងត្បូង​ឱ្យក្រុមហ៊ុន​ Mitsubishi Heavy Industries និង Nippon Steel Corp ផ្តល់សំណងដល់ជនរងគ្រោះ​ និងសាច់ញាតិរបស់ពួកគេ​រំលោភលើ​សន្ធិសញ្ញាឆ្នាំ ១៩៦៥​។

«នេះ​ គឺជាការរំលោភយ៉ាងច្បាស់​លើកិច្ចព្រមព្រៀងរវាងជប៉ុននិងកូរ៉េខាងត្បូង​ ហើយវាពិតជាគួរឱ្យសោកស្តាយ​ និងមិនអាចទទួលយកបានជាដាច់ខាត»​។ នេះគឺជាការលើកឡើង​របស់លោក ហាយ៉ាហ្ស៊ី នៅក្នុង​សន្និសីទ​កាសែតមួយ​។

ក្រុមហ៊ុន​ Mitsubishi Heavy Industries និង Nippon Steel Corp វិញ​បានហៅការសម្រេចរបស់​តុលាការ​កំពូល​កូរ៉េខាងត្បូង​ថាជារឿងគួរឱ្យសោកស្តាយ​ និងបានបន្ថែមទៀតថា​បញ្ហាពាក់ព័ន្ធ​នឹង​ពលករ​កូរ៉េ​ត្រូវបានដោះស្រាយរួចរាល់​ហើយ​តាមរយៈកិច្ចព្រមព្រៀងឆ្នាំ ១៩៦៥ រវាងប្រទេសទាំង២​។

វិវាទ​ជុំវិញ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កូរ៉េ​ដោយបង្ខំ ​និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ក្នុង​សម័យ​សង្គ្រាម​បាន​ធ្វើ​ឱ្យ​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​មាន​ទំនាក់ទំនង​ល្អក់កករ​នឹងគ្នា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។

ដើម្បីជួសជុល​ចំណងទាក់ទង​ជាមួយទីក្រុងតូក្យូ​ ប្រធានាធិបតី​កូរ៉េខាងត្បូងលោក​ យូន ស៊ុកយោល បានប្រកាសកាលពីខែមីនាថា​អតីតពលករ​ដែលរងការបង្ខំ​នឹងទទួលបានសំណង​តាមរយៈ​មូលនិធិសាធារណៈ​ដែលផ្តល់ដោយក្រុមហ៊ុនឯកជនកូរ៉េខាងត្បូង​។

ផែនការ​របស់លោក យូន ត្រូវបានសាទរដោយប្រធានាធិបតីអាមេរិក​លោក ចូ បៃដិន ប៉ុន្តែជនរងគ្រោះមួយចំនួន​ និងគណបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង​មិនពេញចិត្តនឹងផែនការនេះនោះទេ​ ហើយសំណុំរឿងនេះ​ក៏នៅតែជាបញ្ហារសើបដដែរ​។

ក្នុងករណីពីរ​ដាច់ដោយឡែកពីគ្នា​ ដោយមួយតាំងពីឆ្នាំ ២០១៣​ និងមួយទៀតឆ្នាំ ២០១៤​ ក្រុមហ៊ុន Mitsubishi Heavy Industries និង Nippon Steel ត្រូវបានតុលាការកូរ៉េខាងត្បូង​បញ្ជាឱ្យបង់ប្រាក់សំណងចំនួន​ ១,១៧ ពាន់លានវ៉ុន (៨៩៨ ០០០ ដុល្លារអាមេរិក)​ ដល់ជនរងគ្រោះ​ ១១នាក់ ឬសាច់ញាតិរបស់ពួកគេ​។

សេចក្តីសម្រេចនេះ​កើតឡើងនៅស្របពេលដែល​មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងត្បូង និងជប៉ុន​គ្រោងជួបពិភាក្សាសេដ្ឋកិច្ច​កម្រិតខ្ពស់​នៅទីក្រុងសេអ៊ូលនាថ្ងៃព្រហស្បតិ៍នេះ​ជាលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ​ ដែលនេះ​គឺជាផ្នែកមួយ​នៃកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត​ក្នុងការកែលម្អ​ទំនាក់ទំនងរវាងប្រទេសទាំង២​៕

ប្រែសម្រួល៖ គីម លីលីយ៉ា

ប្រភពព័ត៌មាន៖

Japan protests South Korean Supreme Court ruling on forced labour compensation

ads banner