ថៃ កាន់តែខិតជិតដល់ការអនុញ្ញាតឱ្យមាន​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ​ស្រប​ច្បាប់

ថៃ៖កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣ សមាជិកសភាថៃបានបោះជំហានទៅមួយដំណាក់កាលទៀត ពោលគឺបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនបួនដែលទាក់ទងនឹងអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងដំណាក់កាលប្រជុំសភាលើកដំបូង។ការណ៍នេះបានបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកការគាំទ្រផ្នែកច្បាប់ចំពោះអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសថៃ ដែលជាប្រទេសមានសហគមន៍ LGBT លេចធ្លោ និងបើកចំហគួរឱ្យកត់សម្គាល់នៅអាស៊ី។

ទន្ទឹមនេះក្រុមសកម្មជនសិទ្ធិមនុស្សបានលើកឡើងថា ច្បាប់ និងស្ថាប័នរបស់ប្រទេសថៃនៅតែមិនទាន់បានផ្លាស់ប្តូរ និងបត់បែនទៅតាមអាកប្បកិរិយារបស់មនុស្សក្នុងសង្គមនៅឡើយ ហើយនៅតែរើសអើងចំពោះស្ត្រីស្រឡាញ់ភេទដូចគ្នា ខ្ទើយ មនុស្សប្តូរភេទ និងគូស្នេហ៍ភេទដូចគ្នាជាដើម។

គួរដឹងដែរថា ស្ទើរតែទាំងអស់នៃសមាជិកសភាសរុបចំនួន ៣៧១ នាក់នៅក្នុងសភាជាន់ទាប បានបោះឆ្នោតយល់ព្រមចំពោះសេចក្តីព្រាងច្បាប់នេះ។ នេះ​មាន​ន័យ​ថា​ ពួក​គេ​កំពុង​រៀបចំចងក្រងសេចក្ដីព្រាងច្បាប់​ទាំង​បួន​ទៅជាឯកសារមួយបញ្ចូលគ្នា ហើយឆ្នាំក្រោយនេះ សភាថៃនឹងបើកកិច្ចពិភាក្សា និងបោះឆ្នោតលើច្បាប់នេះម្តងទៀត។

គួររំឭកថា កាលពីឆ្នាំមុន សមាជិកសភាក៏ធ្លាប់បានលើកយកសេចក្ដីព្រាងច្បាប់ស្រដៀងគ្នានេះដាក់ជូនសភាថៃ និងច្បាប់ស្តីពីសហជីពស៊ីវិលសម្រាប់គូស្នេហ៍ភេទដូចគ្នាដែលបានដាក់ស្នើដោយរដ្ឋាភិបាលផងដែរ ប៉ុន្តែកិច្ចប្រជុំសភាពបានបិទបញ្ចប់ នៅមុនពេលដែលឈានទៅដល់ដំណាក់កាលបោះឆ្នោតសម្រេចចុងក្រោយ។

កាលពីថ្ងៃព្រហស្បតិ៍ សភាថៃបានបើកកិច្ចប្រជុំអំពីសេចក្ដីព្រាងច្បាប់ទាំងបួននេះ ដោយច្បាប់ទី ១ ​មក​ពីខាង​រដ្ឋាភិបាល​ថ្មី​ដែល​ជាប់​ឆ្នោត​ក្នុង​ខែ​ឧសភាកន្លងទៅ មួយ​ទៀត​មក​ពី​អង្គការសង្គមស៊ីវិល និង​ ២ ទៀតមក​ពី​គណបក្ស​ឈានទៅមុខ (Move Forward)​ ដែលជាគណបក្សប្រឆាំង និង​ប្រជាធិបតេយ្យនិយម។

ឧបនាយករដ្ឋមន្ត្រី លោក ស៊ុមសាក់ ថេបស៊ូធិន (Somsak Thepsuthin) បានមានប្រសាសន៍ថា «សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលមានគោលបំណងផ្លាស់ប្តូរច្បាប់មួយចំនួនក្នុងក្រមរដ្ឋប្បវេណី ដើម្បីអាចអនុវញ្ញាតឱ្យអ្នកដែលស្រឡាញ់ភេទដូចគ្នា អាចរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់បាន។

លោក​បាន​បញ្ជាក់បន្ថែមថា «ច្បាប់នេះ​នឹង​ផ្តល់​សិទ្ធិ កាតព្វកិច្ច និង​ការ​ទទួល​ស្គាល់​គ្រួសារ​របស់ពួកគេ ដូចគ្នាទៅនឹង​អាពាហ៍ពិពាហ៍ដែលកើតចេញពី​បុរស​និង​ស្ត្រី​នា​ពេល​បច្ចុប្បន្ននេះផងដែរ»។ មិនត្រឹមតែប៉ុណ្ណោះ លោក សុំសាក់​ បានកត់សម្គាល់ថា ការស្ទង់មតិរបស់រដ្ឋាភិបាលដែលបានធ្វើឡើងនៅចន្លោះពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ១៤ ខែវិច្ឆិកា កន្លងទៅបានបង្ហាញពីការគាំទ្រពីសាធារណជនរហូតដល់ទៅ ៩៦,៦ភាគរយចំពោះសេចក្តីព្រាងច្បាប់នេះ។

ប្រសិនបើច្បាប់នេះត្រូវបានអនុម័តចេញ និងទទួលបានការយល់ព្រមឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រ នោះប្រទេសថៃនឹងក្លាយទៅជាប្រទេសទី ៣ នៅអាស៊ី បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ ដែលបានអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា៕

ប្រែសម្រួល៖ ធា សុណា

ប្រភពព័ត៌មាន៖​ Reuters Thailand edges closer to legalizing same-sex marriage

ads banner