ខ្មាន់កាំភ្លើង​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ ​២០​នាក់​នៅ​ភាគ​ខាងលិច​ប្រទេស​ប៊ូ​រុន​ឌី​

ប៊ូរុនឌី៖ រដ្ឋាភិបាលនៃប្រទេស​ប៊ូរុនឌី កាលពីថ្ងៃសៅរ៍បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ខ្មាន់កាំភ្លើងបាន​សម្លាប់មនុស្សយ៉ា​ង​ហោច​ណាស់ ២០​នាក់ និងរបួស ៩ នាក់ផ្សេងទៀតនៅជិតព្រំដែនភាគខាងលិច​ជាប់នឹង​សា​ធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោនៅក្នុងការវាយប្រហារមួយដែលត្រូវបានអះអាងថាបានធ្វើឡើងដោយក្រុ​មឧទ្ទាមតាបារ៉ាក្រហម។​

អ្នកនាំពាក្យរដ្ឋាភិបាលលោក Jérôme Niyonzima បាននិយាយថា ការ​វាយឆ្មក់​កាលពីល្ងាចថ្ងៃសុក្រ​កើតឡើ​ងនៅ​ក្នុងភូមិ​មួយឈ្មោះថា Vugizo ។ចំណែកជនរងគ្រោះក្នុងនោះរួមមានកុមារចំនួន ១២​នាក់ ស្ត្រីមានផ្ទៃ​ពោះពីរនាក់ និងមន្ត្រីប៉ូលិសម្នាក់។​

ដោយឡែកពីសំណាក់ក្រុមបារ៉ាក្រហម​ ដែលកំពុងប្រយុទ្ធជា​មួយរដ្ឋាភិបាល​ប៊ូរុនឌី​ នៅភាគខាងកើត​កុងហ្គោ​បានអះអាងនៅលើបណ្តាញសង្គម X ថាបានសម្លាប់​ទាហាន ៩នាក់ និងប៉ូលីសម្នាក់។ ខណៈក្រុម​នេះ​​​បដិសេធ​ថា​មិន​បាន​កំណត់​គោលដៅ​ជន​ស៊ីវិល​ទេ។

សាក្សីដែលបាននិយាយទៅកាន់សារព័ត៌មាន បាននិយាយថា ក្រុមឧទ្ទាម ហាក់​ដូចជា​ស្លៀកពាក់​ឯកស​ណ្ឋា​​នកងទ័ពប៊ូរុនឌី ហើយជនស៊ីវិលត្រូវបានទុកចោល​ បន្ទាប់ពីយោធា និងប៉ូលីសបាន​រត់គេច​ខ្លួន។

លោក Priscille Kanyange ជាកសិករម្នាក់បាននិយាយថា ៖ «យើងបានដឹងថាពួកគេជាអ្នកវាយប្រហារ​នៅ​ពេលដែលពួកគេបានវាយប្រហារទីតាំងប៉ូលីសដែលការពារព្រំដែន»។

កសិករម្នាក់ទៀតឈ្មោះ Innocent Hajayandi ដែលបានឃើញការវាយប្រហារនេះ បាននិយាយថា កងក​ម្លាំងសន្តិសុខបានរត់គេចខ្លួន ដោយទុកឱ្យអ្នកស្រុកការពារខ្លួនពួកគេផ្ទាល់។

ការវាយប្រហារនេះគឺជាលើកទី២ ក្នុងរយៈពេលប៉ុន្មាន​សប្តាហ៍​មកនេះ​នៅក្នុងប្រទេសប៊ូរុនឌី បន្ទាប់ពី​ពួកឧ​ទ្ទាមខកខានសកម្មភាពនៅក្នុងប្រទេសចាប់តាំងពីខែកញ្ញាឆ្នាំ ២០២១មកម្ល៉េះក្រោយ​ពេលដែលពួកគេ​​បានធ្វើការវាយប្រហារជាបន្តបន្ទាប់រួមទាំងនៅលើអាកាសយានដ្ឋាន Bujumbura ផងដែរ។​

ស្របពេលជាមួយគ្នានេះកាលពីថ្ងៃសុក្រ ប្រធានាធិបតីប៊ូរុនឌី លោក Évariste Ndayishimiye បានប្រាប់កងទ័ព ប៉ូលិស និងមន្ត្រីស៊ើបការណ៍ឱ្យរក្សាការប្រុងប្រយ័ត្ន ដោយព្រមានថា សត្រូវមិនដែលដេកទេ ទោះ​បីជាយើងមានកងកម្លាំងក៏ដោយ៕​

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ ​Gunmen kill at least 20 people in western Burundi

https://www.reuters.com/world/africa/gunmen-kill-least-20-people-western-burundi-govt-2023-12-23/

ads banner