អ្នកនាំពាក្យ៖ បាត់បង់ ៦៩ នាក់ និងរបួស ២៤៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១៤៩ករណី
ភ្នំពេញ៖ រយៈពេលជិតពីរសប្តាហ៍នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ១៤៩ ករណី ដែលបណ្ដាលឱ្យមានអ្នកបាត់បង់ចំនួន ៦៩នាក់ និងរងរបួស ២៤៨នាក់ ក្នុងវិសាលភាពទូទាំងប្រទេស គិតពីថ្ងៃទី១០ មកដល់ថ្ងៃទី២២ ខែធ្នូនេះ។
នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៣តាមរយៈហ្វេសប៊ុក ដោយលោកបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាវិញ្ញាសាចំពោះមុខ ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូ រងគ្រោះច្រើនជាងគេ។
ឯកឧត្តមបានបន្តថា ហេតុនេះហើយបានជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បញ្ហាចរាចរណ៍ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ។ ជាបន្តបន្ទាប់លោកឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។
ឯកឧត្តម ទូច សុខៈ បានបញ្ជាក់ថា ៖ «ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្តកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះបណ្ដាលមកពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើសល្បឿនកំណត់ ធ្វេសប្រហែស មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ មិនយោគយល់គ្នាលើដងផ្លូវ…។ ជារួម កង្វះការឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍… ដែលទាមទារឱ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ»។
ជុំវិញបញ្ហានេះ លោក គឹម បញ្ញា នាយកអង្គការបង្ការរបួសអាស៊ី នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៣ បានប្រាប់ឱ្យដឹងដែរថា ចំនួននៃអ្នកស្លាប់ និងរបួស នៃគ្រោះថ្នាក់ចរាចរណ៍របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងនេះ គឺពិតជាចំនួនមួយច្រើនហើយលោកបានដាក់ការព្រួយបារម្ភកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍នេះចាប់តាំងពីទទួលរបាយការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមកដែរ។
លោក គឹម បញ្ញា បានថ្លែងថា ៖ «យើងមើលឃើញថា ឆ្នាំ២០២៣ នេះ អាចថាចំនួនគ្រោះថ្នាក់ចរាចរណ៍នៅមានចំនួនទាបជាង ដោយសារតែ បើយើងប្រៀបធៀបប៉ុន្មានខែឆ្នាំ២០២៣ ជាមួយនឹង២០២២ឃើញថាតួលេខហាក់មានការថយចុះ។ អីចឹងអ្វីដែលសំខាន់គឺយើងត្រូវធ្វើគឺការរឹតបន្តឹងវិធានការឱ្យខ្លាំងជាងមុន ហើយវិធានការហ្នឹង មិនលើសពីការអនុវត្តច្បាប់ម៉ឺងម៉ាត់ និងជាអាទិភាពឱ្យបានទំលំទូលាយនោះទេ ពោលគឺត្រូវធ្វើឱ្យបានគ្រប់រាជធានីខេត្ត និងទាំងថ្ងៃទាំងយប់»។
ទោះជាយ៉ាងណា លោកក៏បានស្នើឱ្យមានការអនុវត្តច្បាប់ ឱ្យមានតម្លាភាព និងស្មើភាព ស្របតាមច្បាប់ដែលបានកំណត់ ដោយមិនត្រូវទាមទាលើស ឬមានមនោសញ្ចេតនាដោយយកថវិកាពីការផាកពិន័យមកដាក់ក្នុងហៅប៉ាវរបស់ខ្លួន ដោយមិនបានចេញវិក័យបត្រឱ្យអ្នកល្មើសប្រកបដោយតម្លាភាព និងត្រឹមត្រូវនោះទេ។
ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅ បានបញ្ជាឱ្យមានការចាប់ខ្លួនជនដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានមនុស្សស្លាប់នៅនឹងកន្លែងកើតហេតុ និងចាប់វ៉ៃខ្នោះតែម្តងបើមានការតវ៉ា ដោយរូបលោកនឹងធ្វើជាខ្នងបង្អែកដល់មន្ត្រីដែលបានអនុវត្តតួនាទីបានត្រឹមត្រូវទៅតាមច្បាប់។
សម្ដេចធិបតីបានលើកឡើងថា ៖ «បើសិនជាគេថា មានខ្នងណាទៀតមិនបាច់សួរទេ ព្រោះនាយករដ្ឋមន្ត្រីចេញគោលការណ៍ហើយ ហើយប្រសិនបើធ្វើទៅមានបញ្ហាទៅដល់កន្លែងគេដកបញ្ឈរជើង សូមប្រាប់លោក លោកនឹងដំឡើងស័កិ្តឱ្យ។ ចំពោះមេដែលចាត់ចែងបងប្អូនអនុវត្តច្បាប់ ហើយដាក់ពិន័យបងប្អូនដែលធ្វើខុសគ្មានមូលហេតុខ្ញុំនឹងចាត់វិធានការ»។
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ឯកឧត្តម ស សុខា ក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ កាលពីចុងខែវិច្ឆិកាកន្លងទៅ បានដាក់ចេញការណែនាំឱ្យបង្កើនការដាក់ចំពោះបញ្ហាកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសដោយក្នុងនោះបានឱ្យសមត្ថកិច្ចពិន័យឱ្យធ្ងន់ធ្ងរបន្ថែមទៀត ចំពោះអ្នកស្រវឹងបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស។
ឯកឧត្តមបានជំរុញឱ្យយកចិត្តទុកដាក់លើអ្នកបើកបរម៉ូតូទាំងការប្រើប្រាស់ផ្លូវជាតិ និងផ្លូវលំ សំដៅធ្វើយ៉ាងណាចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរួមទាំងវិធានការណែនាំ និងការរឹតបន្ដឹងការអនុវត្តច្បាប់។
ឯកឧត្តម ស សុខា បានបញ្ជាក់ថា ៖ «យើងមើលឃើញថា អត្រានៃការគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនលើអ្នកប្រើប្រាស់ម៉ូតូនៅពេលយប់ ហើយសុទ្ធតែប្រើប្រាស់នូវគ្រឿងស្រវឹងនៅពេលបើកបរ ដូច្នេះត្រូវតែដាក់ពិន័យឱ្យបានធ្ងន់ដល់អ្នកប្រើប្រាស់គ្រឿងស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកដទៃស្លាប់ និងរបួស»។
យោងតាមផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ កម្ពុជាគ្រោងកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០ភាគរយ នៅឆ្នាំ២០៣០ ដែលផែនការ ១០ឆ្នាំនេះ ហាក់មានការលំបាកក្នុងការសម្រេចគោលដៅ ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែចំនួនច្រើនគួរឱ្យព្រួយបារម្ភ៕
ដោយ៖គឹម យុត្ថារ៉ូ