ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំ​ចរចាក្នុង​ការបង្កើនការនាំចេញអង្ករបន្ថែម ២០ភាគរយទៅប្រទេសចិន

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា ក្រសួង​កំពុងពិនិត្យឡើងវិញនូវលទ្ធផលដំឡើងកម្រិតបរិ​មាណនាំចេញអង្ករចំនួន២០ភាគរយថែមទៀត ទៅកាន់ទីផ្សារចិន ខណៈដែលពីមុននេះការនាំចេញអង្ករទៅចិនស្ថិតនៅក្នុងបរិមាណ៤០ម៉ឺនតោនរួចហើយ។

លោកជំទាវបានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ លោកស្រីរដ្ឋមន្ត្រីបន្តថា សម្រា​ប់ទីផ្សារអង្ករជាមួយប្រទេសចិន ក្រសួងពាណិជ្ជកម្ម បាននិងកំពុងចរចារៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ សម្រាប់បរិមាណកើនឡើង ២០ភាគរយ បន្ថែមទៀត សម្រាប់ឆ្នាំ២០២៣-២០២៤ ផងដែរ។ 

លោកជំទាវបន្តថា នេះជាការអនុវត្តនូវយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS ២០១៩-២០​២​៣ ដែលផ្តោតសំខាន់លើការពង្រឹងទីផ្សាចាស់ និងពង្រីកទីផ្សារថ្មី គួបផ្សំនឹងការធ្វើពិពិធកម្មទំនិញ និងទីផ្សារតាមរយៈការចុះកិច្ចព្រមសេរីទ្វេភាគីកម្ពុជា-ចិន រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វភាគី និងពហុភាគីដទៃទៀត។

លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើង​ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាមានភាពប្រ​កួតប្រជែង ដែលមានការលើកទឹកចិត្តផ្នែកពន្ធដារ ដោយលើកលែងពន្ធគ្រប់ប្រភេទ និងអាករដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញតាំងពីឆ្នាំ២០១១ ហើយបានបន្តជូនរយៈពេល៥ឆ្នាំបន្ថែមទៀតសម្រាប់សហគ្រាសដែលអស់អាណត្តិ។

លោកជំទាវ ចម និម្មល បានបញ្ជាក់ទៀតថា ៖ «ក្រសួងពាណិជ្ជកម្មបានខិតខំជំរុញ និងបើកច្រកទីផ្សារស្រូវអង្ករ និងផលិ​តផលដែលកែច្នៃចេញ​ពីស្រូវអង្ករ តាមរយៈពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រៀមព្រៀងសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោ​យរវាងកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម»។

ជាមួយគ្នានោះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានថ្លែងនាពិធីនោះដែរថា នៅក្នុងជំនួបជាមួយប្រធា​នាធិបតីចិន នាពេលកន្លងទៅ លោកទទួលការឯកភាពរួចហើយពីឯកឧត្តម ស៊ី ជីនពីង ក្នុងការបង្កើនការនាំចេញអង្ករទៅកា​ន់ទីផ្សារចិននេះ។

សម្ដេចធិបតីបានថ្លែងថា ៖ «កាលពីដើមឆ្នាំ ខ្ញុំជួបជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដោយឯកឧត្តម បានឯកភាពបង្កើន២០ភាគរយ ដោយនៅក្នុងកិច្ចការងារនេះ យើងបន្តចរចា ហើយយើងនឹងខិតខំធ្វើយ៉ាងណាឱ្យបានសម្រេចនូវការចរចារកិច្ច»។

ទាក់ទងនឹង​បញ្ហានេះដែរ ​លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ បានលើកឡើងថា កូតានាំចេញអង្ករថ្មីចំនួន៤សែនតោន ដែលផ្តល់ដោយមិត្តចិន បានចាប់ផ្តើមអនុវត្តការនាំចេញ កាលពីខែធ្នូ ឆ្នាំ២០២១នេះត​ទៅ ដែលមានរយៈពេលចំនួន១៧ខែ ពោលបានផុតកំណត់កាលពីមិថុនា ឆ្នាំ២០២៣កន្លងទៅ ដោយមកទល់នឹងពេលនេះ ភាគីទាំងពីកំពុងចចារលើលក្ខណៈបច្ចេកទេសមួយចំនួនទៀតនៅឡើយ។ ​

លោកបានបញ្ជាក់ថា ៖‍ «ការផ្តល់កូតានាំចូលអង្ករពីកម្ពុជារបស់មិត្តចិន បានជួយជំរុញការអភិវឌ្ឍនវិស័យស្រូវអង្កររបស់ក​ម្ពុជា។ ចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២១ មិត្តចិនបានផ្តល់កូតាចំនួន៦លើករួចមកហើយ។ ដោយឡែកលើកទី០៧នេះ យើងក៏សង្ឃឹម ២០ភាគរយ ដែលយើងនឹងទទួលបានបន្ថែម នឹងជំរុញកំណើននៃការនាំចេញអង្កររបស់កម្ពុជាបន្ថែមទៀត»។

សូមជម្រាបថា ចិន បានផ្តល់កូតានាំចូលអង្ករកម្ពុជា លើកដំបូងចំនួន១សែនតោន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤, លើកទី២ ចំនួន១សែនតោនដដែល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥, លើកទី៣ ចំនួន២សែនតោន ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦, លើកទី៤ ចំនួន៣សែនតោន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨, លើកទី៥ ចំនួន៤សែនតោន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ និងលើកទី៦ ចំនួន៤សែនតោន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចំនួន ៣៧៧លានដុល្លារ​។ ក្រុមហ៊ុននាំចេញអង្ករចំនួន៥៧ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះ ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តរបស់ចិនមានចំនួន ១៧៧ ២៨៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១១៥,៣០លាន ដុល្លារ៕

ប្រែសម្រួល៖វណ្ណ សុជាតា

ads banner