មនុស្សជាង ១០នាក់ស្លាប់ និងរាប់សិបនាក់ ទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះរោងចក្រកែច្នៃនីកែល នៅឥណ្ឌូណេស៊ី
ហ្សាការតា៖ មនុស្ស១៣ នាក់ បានស្លាប់ និង៣៨ នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះរោងចក្រកែច្នៃនីកែល នៅភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃអាទិត្យ ទី២៤ ខែធ្នូ នេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ហេតុការណ៍ផ្ទុះបានកើតឡើងនៅម៉ោងប្រហែល ៥ កន្លះព្រឹក នៅរោងចក្ររបស់ក្រុមហ៊ុនចិន សាខាឥណ្ឌូនេស៊ី Tsingshan Stainless Steel ( ITSS) ក្នុងសួនឧស្សាហកម្ម Morowali ដែលស្ថិតនៅខេត្តសិនត្រលស៊ូឡាវេស៊ី (Central Sulawesi)។ នេះបើតាមអ្នកនាំពាក្យប្រចាំរោងចក្ររបស់ក្រុមហ៊ុន និយាយក្នុងសេចក្តីថ្លែងការណ៍។ ក្នុងចំណោមអ្នកដែលស្លាប់ទាំង ១៣ នាក់ មាន ៨ នាក់ជាកម្មករជនជាតិឥណ្ឌូណេ ស៊ី និង៥ នាក់ទៀត ជាកម្មករជនជាតិចិន។
អ្នកនាំពាក្យដដែលបន្តថា ការស៊ើបអង្កេតដំបូងបានបង្ហាញថា ការផ្ទុះបានកើតឡើងកំឡុងពេលជួសជុលលើឡដុត ក្រោយពេលដែលវត្ថុរាវងាយឆេះបានឆាបឆេះ ហើយបង្កការផ្ទុះជាបន្តបន្ទាប់គ្នា រួមទាំងបំពង់អុកស៊ីសែនដែលនៅក្បែរនោះ។ ភ្លើងដែលឆាបឆេះ ត្រូវបានពន្លត់ដោយជោគជ័យនៅព្រឹកថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ខណៈបញ្ហាភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅតាមរោងចក្រ តែងកើតឡើងជារឿយៗក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារតែបទប្បញ្ញត្តិសុវត្ថិភាពធូររលុង។
កាលពីខែមិថុនា អគ្គិភ័យនៅរោងចក្រចិនមួយក្នុងសួនឧស្សាហកម្មដដែល បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៦ នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនៅរោងចក្រផ្សេងៗ ដែលផ្តល់មូលនិធិ និងដំណើរការដោយក្រុមហ៊ុនចិន ដែលមានការវិនិយោគច្រើនក្នុងតំបន់។
ក្រុមហ៊ុនចិន Tsingshan Holding Group ដែលជាក្រុមហ៊ុនផលិតនីកែលដ៏ធំបំផុតរបស់ពិភពលោក និងជាក្រុមហ៊ុនផលិតដែកអ៊ីណុកដ៏ធំបំផុតរបស់ចិន បានកាន់កាប់ភាគហ៊ុនភាគច្រើននៅក្រុមហ៊ុន ITSS ។ ក្រុមហ៊ុន ITSS មានរោងចក្រនៅសួនឧស្សាហកម្ម Morowali ដែលភាគច្រើនគ្រប់គ្រងដោយ Tsingshan រួមជាមួយក្រុមហ៊ុនដៃគូរុករករ៉ែឥណ្ឌូណេស៊ី Bintang Delapan៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ 13 dead, 38 injured in explosion at nickel plant in Indonesia https://www.channelnewsasia.com/asia/indonesia-morowali-industrial-park-nickel-processing-plant-explosion-4009341