អ៊ីរ៉ង់ព្រមានពីការបិទច្រកសមុទ្រមេឌីទែរ៉ាណេ

តេហេរ៉ង់៖ ប៉ុន្មានសប្ដាហ៍កន្លងមកនេះ ក្រុមឧទ្ទាមដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់បានបង្កភាពចលាចល នៅតាមច្រកដឹកជញ្ជូនសមុទ្រធំៗ តាមរយៈការឆ្មក់វាយប្រហារកប៉ាល់ដឹកទំនិញ។ សកម្មភាពនេះ បាននាំឱ្យក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិរិះរកផ្លូវផ្សេង ដោយបញ្ចៀសច្រកសមុទ្រក្រហម និងច្រកសមុទ្រមេឌីទែរ៉ាណេ។

ដោយឡែក នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ មេបញ្ជាការកងទ័ពអ៊ីរ៉ង់បាននិយាយបែបគម្រាមថា ពួកគេនឹងបិទច្រកសមុទ្រមេឌីទែរ៉ាណេ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅបន្តចូលរួមគាំទ្រការប្រយុទ្ធនៅតំបន់ហ្គាហ្សា។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ប៉ុន្តែមិនបានពន្យល់ថាការបិទច្រកសមុទ្រ នឹងធ្វើឡើងក្នុងរូបភាពបែបណានោះទេ។

ការចោទប្រកាន់អាមេរិកបែបនេះ ធ្វើឡើងក្រោយការផ្ទុះឡើងកាន់តែខ្លាំងនូវការប្រយុទ្ធ តាមរយៈការទម្លាក់គ្រាប់បែកនៅតំបន់កាហ្សា និងបានសម្លាប់ជីវិតប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ ហើយជាច្រើននាក់ទៀតត្រូវបង្ខំចិត្តចាកចេញពីផ្ទះ។

មេបញ្ជាការកងទ័ពអ៊ីរ៉ង់បាននិយាយថា៖«បន្តិចទៀតច្រកសមុទ្រមេឌីទែរ៉ាណេភាគខាងលិច (Gibraltar) ដែលត្រូវនឹងភាគខាងត្បូងប្រទេសអេស្ប៉ាញ ក៏នឹងត្រូវបិទផងដែរ»។

គិតមកដល់ពេលនេះ គឺមានរយៈពេលជាងមួយខែហើយ ដែលក្រុមឧទ្ទាម Houthi (សម្ព័ន្ធមិត្តអ៊ីរ៉ង់) វាយឆ្មក់កាប៉ាល់ដឹកទំនិញ ដែលឆ្លងកាត់ច្រកសមុទ្រក្រហម។ ការណ៍នេះបានធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្មពិភពលោក ជាពិសេសការដឹកជញ្ជូនទំនិញពីប៉ែកអឺរ៉ុប មកកាន់តំបន់អាស៊ី។

ទោះបីជាយ៉ាងនេះក្ដី អ៊ីរ៉ង់មិនមានសិទ្ធិអំណាចអ្វីក្នុងការកាន់កាប់តំបន់សមុទ្រមេឌីទែរ៉ាណេនោះទេ ម្លោះហើយសម្ដីរបស់មេបញ្ជាការកងទ័ពអ៊ីរ៉ង់បាននិងកំពុងធ្វើឱ្យគេឆ្ងល់ថា តើពួកគេនឹងបិទច្រក សមុទ្រទាំងអស់ដោយប្រើវិធីណា?

ប៉ុន្តែវាអាចទៅរួច ប្រសិនបើអ៊ីរ៉ង់ប្រើប្រាស់សម្ព័ន្ធមិត្តរបស់ខ្លួនដូចជា លីបង់ ស៊ីរី ហេបូឡា ដែលមានអធិបតេយ្យភាពលើផ្នែកខ្លះនៃសមុទ្រមេឌីទែរ៉ាណេ រហូតដល់ច្រក Gibraltar (ភាគខាងលិចសមុទ្រមេឌីទែរ៉ាណេ)។

គួរបញ្ជាក់ថា សមុទ្រមេឌីទែរ៉ាណេគឺជាតំបន់ដែលសម្បូរទៅដោយជីវចម្រុះ ដូច្នេះហើយវាជាប្រភពចម្បងនៃអាហារសម្រាប់មនុស្សរាប់លាននាក់។ វាក៏ជាតំបន់ក្ដៅ ដែលប្រទេសជុំវិញនោះប្រទាញប្រទង់គ្នាលើអធិបតេយ្យភាពដែនសមុទ្រ តាំងតែពីសម័យអតីតកាលមកផងដែរ។

ផ្លូវទឹករបស់សមុទ្រមេឌីទែរ៉ាណេក៏ជាតំណាងឱ្យការដឹកជញ្ជូនប្រមាណ ១៥% នៃការដឹកជញ្ជូនទូទាំងពិភពលោក។ ការបង្កើតព្រែកជីកស៊ុយអេទៀតសោត បានជំរុញឱ្យការដឹកជញ្ជូនទំនិញ កើនឡើងទ្វេដង។ ដូច្នេះហើយ ប្រសិនបើការវាយប្រហារកប៉ាល់ដឹកទំនិញនេះនៅតែបន្តមាន តម្លៃទំនិញនឹងត្រូវឡើងថ្លៃដោយចៀសមិនរួច៕

ប្រែសម្រួល៖កែវ បុស្បា
ប្រភព៖ Bangkok Post
Iran threatens closure of Mediterranean
https://www.bangkokpost.com/world/2711636/iran-threatens-closure-of-mediterranean

ads banner