រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកា ១៦៥ លានដុល្លារក្នុងឆ្នាំ២០២៤ សម្រាប់គ្រួសារមានបណ្ណសមធម៌

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងផ្តល់ប្រយោជន៍ដល់គ្រួសារមានបណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លារ ដែលនឹងចាប់​ផ្តើមពីខែមេសា ឆ្នាំ២០២៤ តទៅ។

នេះជាគោលការណ៍ដ៏សំខាន់មួយ ដែលស្ថិតនៅក្នុងគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ដែលជាគោ​ល​នយោ​បាយ​អាទិ​ភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាស​ដាក់ឱ្យអនុវត្តន៍​នៅក្នុង​ឆ្នាំ២០២៣នេះ។ នេះបើយោងតាម​របាយការណ៍ក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា។

ក្រសួងបានឱ្យដឹងថា ​គោលការណ៍ណែនាំ​នេះ ត្រូវបានរៀបចំឡើងសម្រាប់ អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួ​សា​រដែលជាបណ្ដុំនៃកម្មវិធីជាតិជំនួយសង្គម (កម្មវិធីដែ​ល​​មាន​ស្រាប់ និងកម្មវិធីដែលនឹងត្រូវបង្កើតថ្មីមួយចំនួន) ដែលមានលក្ខណៈសមាហរណ និងអនុវត្តក្នុង​ទម្រង់​រួមមួយក្រោមប្រតិបត្តិករទោល ពោលគឺមូលនិធិជាតិជំនួយសង្គម និងមានកា​រចូលរួមគាំទ្រអនុវត្ត​ពី​ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ក្រសួងបញ្ជាក់ថា ៖ «​កម្មវិធីចំនួន៤ នឹងត្រូវធ្វើសមាហរណមុខងារក្រោមកញ្ចប់គ្រួសារ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ,កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា,កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)»។

នាពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង​ ក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន កាលពីដើមខែ​ធ្នូសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា​ ការកសាងប្រព័ន្ធគាំពារសង្គ​ម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, សមាហរណកម្មនិងស្វ័យប្រវត្តិកម្មមានសារៈសំខាន់ក្នុងការទ្រទ្រង់សុខុមាលភាពប្រ​ជា​ពលរដ្ឋ ជាពិសេសក្នុងពេលមានគ្រោះអាសន្ន ឬវិបត្តិ អនុ​លោមតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០​១៦-២០២៥។

ជាមួយគ្នានោះដែរឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ​ក៏​បាន​លើកឡើងដែរថា ក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងក្លាយជាទម្រនៅពេលកម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រ​យុ​ទ្ធនឹងជំងឺកូវីដ​១៩បានបញ្ចប់ ​ហើយ​ការអនុវត្តផ្លូវការនូ​វក្រប​ខ័ណ្ឌកម្មវិធីជាតិ​ជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៤ តទៅ៕

សូមជម្រាបថា បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងគ្រោះទឹកជំនន់បានបិទបញ្ចប់ កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីអភិវឌ្ឍន៍សហ​ប្រជាជាតិ (UNDP) បានសិក្សាវាយតម្លៃរួមគ្នា ដោយរកឃើញថា អន្តរាគមន៍ជំនួយសង្គមពិសេសទាំង២របស់រាជរដ្ឋាភិបាលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយបច្ច័យអវិជ្ជមានមកលើគ្រួសារងាយរងហានិភ័យ។ កម្មវិធីជំនួយនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិសរុបប្រមាណ ៥៥,៧ លានដុល្លារ។

យោងតាមរបាយការណ៍ការសិក្សារបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) រកឃើ​ញថាគ្រួសារគោលដៅទទួលផលប្រមាណជាង៩៧ភាគរយ ពេញចិត្ត និងគាំទ្រការអន្តរាគមន៍ជាការឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាល៕

ដោយ៖វណ្ណ សុជាតា

ads banner