បណ្ឌិត សុខ ទូច៖ តាមរយៈគំនិតផ្ដួចផ្ដើមសាមគ្គីភាពអាស៊ាន-កូរ៉េ នឹងក្លាយជាចលកររឹតចំណងកិច្ចសហការរឹងមាំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបណ្ឌិត សុខ ទូច បានលើកឡើងថា តាមរយៈនៃគំនិតផ្ដួចផ្ដើមសាមគ្គីភាពអាស៊ាន-កូរ៉េ (KASI)នឹងក្លាយជាឧបករណ៍មួយដ៏សំខាន់ក្នុងការសម្របសម្រួល និងជាចលករក្នុងការរឹតចំណងទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ ​​ហើយ​ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ នឹងកាន់តែជិតស្និទ។

លោកបានលើកឡើងបែបនេះ ​ក្នុងពិធីបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្ដួចផ្ដើមសាមគ្គីភាពកូរ៉េ-អាស៊ាន៖ ការស្តារឡើងវិញនូវការតភ្ជាប់សេដ្ឋកិច្ច-សង្គម» ដែលរៀបចំដោយរាជប​ណ្ឌិត្យសភាកម្ពុជានៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

សន្និសីទនេះមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម ផាក ជុងវុក ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, លោក ផាក អ៊ីនគុក (Park In-Kook) ប្រធានវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារ ណរដ្ឋកូរ៉េ, លោក ខែក វីរៈ នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា​ ព្រមទាំងវាគ្មិនជាតិ-អន្តរជាតិ និងសិស្សនិស្សិតជាច្រើនរូបផងដែរ។

បណ្ឌិត សុខ ទូច បានថ្លែងថា ប្រធានបទក្នុងសន្និសីទអន្តរជាតិនេះ ពិតជាមានសារៈសំខាន់ និងមានលក្ខណៈបច្ចុប្បន្នភាព ដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងនៃទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។  

លោកបន្តថា បច្ចុប្បន្ននេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-អាស៊ាន (KAFTA) បានជួយបង្កើនកម្រិតពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ ហើយបើផ្អែកតាមទិន្នន័យបឋមរបស់អាស៊ាន ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងកូរ៉េ ឈានដល់ប្រមាណ ១៥៦,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ដែលស្មើនឹង៥,៦% នៃ ពា ណិជ្ជកម្មសរុបរបស់អាស៊ាន។ ទន្ទឹមនឹងនេះ លំហូរចូលនៃការវិនិយោគផ្ទាល់ ពីបរទេស (FDI) ពីកូរ៉េខាងត្បូងមានចំនួន ២,៦ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង១,៦ភាគរយនៃFDI ទាំងអស់ចូលទៅក្នុងអាស៊ាន។

ជុំវិញទំហំពាណិជ្ជកម្មនេះដែរ លោកបាន​បញ្ជាក់ថា ៖ «ពិតណាស់ កូរ៉េគឺជាដៃគូពាណិជ្ជកម្មធំទី៥របស់អាស៊ាន និងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេសធំទីប្រាំពីររបស់អាស៊ានផងដែរ។ ទាំងនេះត្រូវបានគេមើលឃើញថា គឺជាទិដ្ឋភាពថ្មីមួយទៀតក្នុងបរិបទនៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ដ្បិតនៅក្នុងតំបន់អាស៊ានមានមហាអំណាច និងប្រទេសអំណាចកណ្ដាលមួយចំនួនបានចាក់ឫសជ្រៅ នៅក្នុងតំបន់អាស៊ាន ដូចជា ចិន ជប៉ុន និងសហរដ្ឋអាមេរិក»។​​

ជាមួយគ្នានេះនោះ​ លោក​បានស្នើសុំឱ្យភាគីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ បន្តជួយឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីមានលទ្ធភាពរៀ​បចំសន្និសីទអន្តរជាតិបែបនេះបន្តទៀត។ ជាពិសេសលោកស្នើឱ្យជួយឧបត្ថម្ភសម្រាប់ការស្រាវជ្រាវ ដើម្បីរកធា​តុចូលជូនរដ្ឋាភិបាលអាស៊ាននិងសាធារណរដ្ឋកូរ៉េ ក្នុងការបន្តលើក កម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងសា​ធារណរដ្ឋកូរ៉េឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ សុខសន្តិភាព និង​វិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ។

នាឱកាសនោះដែរ លោក ផាក អ៊ីនគុក (PARK In-Kook)  ប្រធានវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ បានថ្លែងថា សន្និសីទនេះគឺជាវេទិកាមួយដែលមានការប្លាស់ប្តូរបញ្ញវន្តពាក់ព័ន្ធវប្ប​ធម៌ និងនយោបាយនៅអាស៊ីបូព៌ា។

​លោកថា ៖ «ខ្ញុំជឿជាក់ថា គំនិតផ្ដួចផ្ដើមសាមគ្គី ភាពកូរ៉េ-អាស៊ាន គឺជាគំនិតផ្តួចផ្តើមមួយដែលមានអត្ថន័​យរហូត ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងអាស៊ាន ឱ្យកាន់​តែ​មានភាពទូលំទូលាយជាងនេះទៅទៀត»។

ជាមួយគ្នានេះលោកក៏​បានទាញចំណាប់អារម្មណ៍សង្កត់ធ្ងន់ថា ​ភាពជាដៃគូរួមគ្នារបស់កូរ៉េ-អាស៊ាន នឹងកា​ន់តែមាននិរន្តភាព ដោយសារតែមាននវានុវត្តន៍បច្ចេកវិទ្យា ដែលក្លាយទៅជាមជ្ឈមណ្ឌលស្នូលដែលយើងអាចលើកកម្ពស់កិច្ចសហប្រតិបត្តិការ។

លោកផាក អ៊ីនគុក បានថ្លែងថា ៖ «បច្ចុប្បន្ននេះតំបន់អាស៊ានមានការចាប់អារម្មណ៍ពីសាកលលោក ដោ​យសារតែមានបរិវត្តន៍កម្មឌីជីថលច្រើន ជាពិសេសការប្រើប្រាស់នូវធនធានផ្សេងៗ បច្ចេកវិទ្យាទំនើបៗដូចជារថយន្តអគ្គិសនី។ អ៊ីចឹង! ខ្ញុំសង្ឃឹមថាសន្និសីទថ្ងៃនេះ គឺមានតម្លៃចំពោះអ្នកជំនាញ អ្នកស្រាវជ្រាវដើ​ម្បីបង្កើននូវសមត្ថភាព ពាក់ព័ន្ធជាមួយនឹងនវានុវត្តន៍បែបវិទ្យាសាស្រ្តក្នុងតំបន់»។

បើតាម លោក ខែក វីរៈ នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា សន្និសីទអន្តរជាតិលើកទី១៨នេះ មានគោលបំណងចំនួន៤ រួមមាន៖ ​ទី១. ពិនិត្យមើលទិដ្ឋភាពរួមនៃប្រវត្តិទំនាក់ទំនងអាស៊ាន-កូរ៉េក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ, ទី២. ប្រមូលនូវទស្សនទាននានា ដើម្បីជាធាតុចូលជូនរដ្ឋាភិបាលទាំងពីរកម្ពុជា និងកូរ៉េ ក្នុងការរួមចំណែករឹតចំណងនៃទំនាក់នងរវាងកម្ពុជា និងកូរ៉េឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត។

លោកបានបន្តថា ទី​៣. ពិភាក្សាលើទិដ្ឋភាពរួមនៃទំនាក់ទំនងអាស៊ាន-កូរ៉េ និយាយជារួម និងជាមួយកម្ពុជា និយាយដោយឡែក និង​ទី៤. វិភាគនិងវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងឱកាសព្រមទាំងការរំពឹងទុកនៃទំនាក់ទំនង អាស៊ាន-សាធារណរដ្ឋកូរ៉េក្នុងបរិបទនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី។

ក្រោយសន្និសីទនេះ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ រាជបណ្ឌិត្យសភាកម្ពុជា ក៏​បានបន្តចុះកិច្ចព្រមព្រៀ​ង ជាមួយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់កូរ៉េ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងរៀបចំសន្និសទីអន្តរជាតិប្រចាំឆ្នាំលើក១៩ សម្រាប់ឆ្នាំ២០២៤៕

ដោយ៖សុខ រក្សា

ads banner