គយប្រកាសដាក់ចេញ វិធានការទាំង១៤ នៅដើមឆ្នាំ២០២៤ ដើម្បីជួយសម្រាលបន្ទុកចំណាយដល់វិស័យឯកជន

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំ «វេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្ម ក្រោមដែនសមត្ថកិច្ចគយ ដល់វិស័យឯកជន» នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងវិស័យឯកជនផងដែរ។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្កនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងបញ្ជាក់ក្នុងឱកាសនោះថា តាមរយៈវិធានការទាំង១៤ ដែលត្រូវអនុវត្តន៍នេះ ផ្តល់បច្ច័យល្អសម្រាប់វិស័យឯកជន ដោយសារកាត់បន្ថយការចំណាយ និងសម្រួលនូវបែបបទនីតិវិធីនាំចេញ-នាំចូល ហើយវិធានការទាំងនេះ នឹងធ្វើឱ្យចំណូលរបស់គយ ក៏ត្រូវបាត់បង់មួយចំនួនដែរ។

វិធានការចំនួន១៤ ត្រូវបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល ជាមួយផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។

សូមជម្រាបថា កញ្ចប់វិធានការសម្រួលពាណិជ្ជកម្មនេះ គ្របដណ្តប់លើ ៣ផ្នែកសំខាន់ៗដែលមានដូចជា ការកាត់បន្ថយថ្លៃសេវាសាធារណៈរបស់រដ្ឋបាលគយ, ការគ្រប់គ្រងការនាំចូល និងគាំពារសុខភាពសាធារណៈ និងការធ្វើឌីជីថលនីយកម្មនីតិវិធីគយ និងការសម្រួលពាណិជ្ជកម្ម ហើយវិធានការទាំងនេះ នឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តសង្កត់ធ្ងន់ថា ជារួម រាជរដ្ឋាភិបាលមានការលះបង់ ដើម្បីកាត់បន្ថយចំណាយ ក្នុងទម្រង់ជាកម្រៃពាក់ព័ន្ធផ្សេងៗសុខចិត្តបាត់បង់ ប៉ុន្តែបានបន្ធូរឱ្យដល់បន្ទុករបស់វិស័យឯកជន។ ការចំណេញបានមកពីការកែសម្រួលកម្រៃ និងការកាត់បន្ថយកម្រៃនេះ គឺបានទៅលើវិស័យឯកជន។

សូមបញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់វិស័យឯកជន រាជរដ្ឋាភិបាលតាមរយៈ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានសម្រេចបញ្ចុះថ្លៃសេវាសាធារណៈគយ ដូចជា៖ កម្រៃបែបបទគយ, កម្រៃចុះបញ្ជិកាប្រតិវេទន៍គយ, កម្រៃត្រួតពិនិត្យកុងតឺន័រដោយម៉ាស៊ីនស្កេន, ការពង្រឹងការគ្រប់គ្រងការនាំចូលសាច់បង្កក ស៊ុត និងត្រី, ការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការបំពេញបែបបទគយ និងការសម្រួលអាករនាំចេញជ័រកៅស៊ូជាដើម៕អត្ថបទលីដា,រូបភាពឈឹម ទីណា

ឈុន លីដា
ឈុន លីដា
បន្ទាប់ពីឆ្លងកាត់ជាមន្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋមួយរយៈ ក៏បានក្លាយ​ជាពិធីការិនីដ៏មានប្រជាប្រិយ បូករួមនឹងការឆ្លងកាត់វគ្គបណ្តុះបណ្តាលសារព័ត៌មានពីអ្នកជំនាញអាជីពទាំងបរទេស-ខ្មែរ បានផ្តល់ឱកាសឱ្យបុគ្គលិកបម្រើការងារឆ្នើមរូបនេះ ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីកម្ពុជាមាតុភូមិយើងដ៏ពេញនិយមនាពេលបច្ចុប្បន្ន
ads banner
ads banner
ads banner