ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ស៊ីឌីស៊ី (CDC) បាននិងកំពុងសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប ជាមួយក្រុមហ៊ុនឯកជនចិនមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបើកកិច្ចប្រជុំដំបូងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប ជាមួយក្រុមហ៊ុន China Metro Group កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ជាអ្នកដឹកនាំកិច្ចប្រជុំពិភាក្សានេះ។
យោងតាមហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល ក្នុងអង្គប្រជុំនេះ ក៏មានការជជែកពិភាក្សាយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបូរាណដ្ឋាន ឬតំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យជំរុញការងារអនុវត្តគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា និងចៀសវាងការកកស្ទះចរាចរណ៍ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប។
សូមជម្រាបដែរថា អាកាសយាន្តដ្ឋានអន្តរជាតិអង្គរបានចាប់ផ្ដើមបើកដំណើរការជាផ្លូវការជាលើកដំបូងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមានចំងាយប្រមាណ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប។ ដោយអ្នកដំណើរអាចធ្វើដំណើរតាមសេវាកម្មតាក់ស៊ីពីព្រលានយន្តហោះទៅក្រុងសៀមរាបដោយចំណាយរថយន្តធុនតូចតម្លៃ ៣៥ដុល្លារមួយជើង, ឡានក្រុងតូច ៤០ដុល្លារមួយជើង។
ចំពោះគម្រោងនេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា យល់ឃើញថា ជាគម្រោងល្អ ដែលនឹងជួយកាត់បន្ថយពេលវេលា និងថ្លៃចំណាយរបស់ភ្ញៀវទេសចរ បើសិនជាគម្រោងត្រូវបានលេចជារូបរាងឡើងមែននោះ។
លោកបាននិយាយដូច្នេះថា ៖ «យើងដឹងហើយថា ចំងាយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទៅក្រុង វាហាក់ឆ្ងាយដែរ។ ដូច្នេះបើសិនជាជម្រើសនៃការធ្វើដំណើរ មានកាន់តែច្រើន កាន់តែល្អ សម្រាប់ភ្ញៀវទេសចរ ដោយគម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប វាអាចនឹងក្លាយជាជម្រើសថ្មីមួយទៀត សម្រាប់ពួកគាត់ ដែលវានឹងឱ្យអ្នកដំណើរចំណេញពេលវេលា និងការចំណាយផ្សេងៗផងដែរ»។
សូមរម្លឹកដែរថា នៅក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសដែលលោកទៅចូលរួម វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ កាលពីខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group លោក លី ខ័រ (Li Kuo) បានជម្រាបសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាពីគម្រោងរបស់ក្រុមហ៊ុនក្នុងការសិក្សាលើគម្រោងអភិវ ឌ្ឍផ្លូវរថភ្លើងធុនស្រាលចេញពីអាកាសយាន្តដ្ឋានអន្តរជាតិថ្មីទាំងពីរនៅកម្ពុជា។ អាកាសយាន្តដ្ឋានអន្តរជាតិថ្មី២នោះគឺ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយបញ្ជាក់ថា គម្រោងខ្សែរថភ្លើងទាំងពីរនេះនឹងភ្ជាប់ពីអាកាសយានដ្ឋានទៅកាន់ទីក្រុងផ្ទាល់តែម្ដង។
កាលណោះ លោក លី ខ័រ បានបញ្ជាក់ទៀតថា ៖ «ក្រុមហ៊ុន ក៏នឹងសិក្សាអំពីលទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជាផងដែរ»។
ជាមួយគ្នានោះដែរសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញពីការគាំទ្រចំពោះគម្រោងនានា ដែលក្រុមហ៊ុន China Metro Group កំពុងសិក្សានៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ឱ្យមានការគិតគូរសព្វគ្រប់ជ្រុងជ្រោយ ជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល ស្ពានអាកាស និងផ្លូវក្រោមដីជាដើម៕ ដោយ៖ វណ្ណ សុជាតា