សម្តេចធិបតី ហ៊ុន ម៉ាណែត បំភ្លឺជុំវិញការផ្សាយចោទប្រកាន់រឿងសំណង់ «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» (Video Inside)

ការផ្សព្វផ្សាយរបស់មនុស្សមួយក្រុមជ្រកក្រោមស្លាកសារព័ត៌មាន ដែលនិយាយអំពីរឿងសំណង់ «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» បានជំរុញឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត បំភ្លឺប្រាប់ពលរដ្ឋនៅទូទាំងប្រទេសថា គឺជាអំពើភូតភរកុហកទាំងស្រុង។

ក្រុមផ្សព្វផ្សាយ ដែលនិយាយកុហកនោះ បានលើកឡើងថា កម្ពុជាបានខ្ចីលុយពីប្រទេសចិន ដើម្បីធ្វើ «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» ដែលតាមពិតគម្រោងនោះ មិនបានពាក់ព័ន្ធនឹងប្រាក់កម្ចីឡើយ ប៉ុន្តែគឺជាកិច្ចសន្យា BOT មានន័យថា Build កសាង Operate ប្រតិបត្តិការ and Transfer និងផ្ទេរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងប្រសាសន៍ថ្ងៃទី២៧ធ្នូឆ្នាំ២០២៣ បានថ្លែងថា ការបញ្ចេញមតិ គឺជាសិទ្ធិមួយចែងនៅក្នុងច្បាប់ ប៉ុន្តែការផ្សព្វផ្សាយនិយាយកុហក គឺមិនមែនជាសិទ្ធិបញ្ចេញមតិឡើយ។

សម្តេចធិបតី នៅបានវែកញែកបញ្ជាក់ភាពខុសគ្នាថែមទៀត រវាងអ្វីជាជំនួយប្រាក់កម្ចី និងអ្វីជាកិច្ចសន្យា BOT។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលមួយ នឹងអាចខ្ចីប្រាក់ពីបរទេសបានដោយផ្អែកលើកម្រិតអនុបាតគោល។

សម្តេចធិបតីបានថ្លែងថា គម្រោងព្រែកជីកហ៊្វូណនតេជោ ដែលស្ថិតនៅក្នុងទឹកដីរបស់កម្ពុជានេះ នឹងផ្តល់ប្រយោជន៍ដល់កម្ពុជា ជាច្រើនថែមទៀត នៅពេលណាដែលបានសាងសង់ហើយរួចរាល់នោះ។ ដូច្នេះការដែលលើកឡើងថាគម្រោងព្រែកជីកហ៊្វូណនតេជោ ជាសំណង់ដែលគ្មានប្រយោជន៍នោះ គឺជាការនិយាយខុសទាំងស្រុង។

គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវសាងសង់ឡើងរយៈពេល៤ឆ្នាំ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន។ ការសាងសង់នឹងចាប់ផ្តើមពីឆ្នាំ២០២៤ និងចំណាយថវិកាចំនួន ១ពាន់ ៧០០លានដុល្លារ។ គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១លាន ៦សែននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ads banner