វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ ត្រៀមខ្លួន រួចរាល់ដើម្បីបង្រៀនជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ
ភ្នំពេញ៖ លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស បានអះអាងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកជាផ្លូវការ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅ ពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
ដោយបញ្ជាក់កាលពីថ្ងៃទី២៧ ខែធ្នូ លោកបានប្រាប់ថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការ នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣រួចមក វិទ្យាស្ថានជាតិ បានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ១០០៥នាក់ លើជំនាញចំនួន ៧ មានដូចជា ជំនាញជាងកំបោរ ការដំឡើងអគ្គិសនីក្នុងអាគារ សេវាកម្មត្រជាក់ក្នុងគេហដ្ឋាន សេវាកម្ម កុំព្យូទ័រ រចនាក្រាហ្វិកដោយកុំព្យូទ័រ និងការថែទាំងបរិក្ខាអេឡិចត្រូនិក។
លោកបានបន្ថែមថា ជំនាញទាំងនេះ ជាជំនាញអាទិភាព របស់ វិទ្យាស្ថាន ។ជំនាញទាំងនេះ មើលឃើញថា មានភាពងាយស្រួល ទៅដល់និស្សិត និងសិក្ខាកាម រកការងារធ្វើ ជាពិសេសនោះ ទទួលបានប្រាក់កម្រៃច្រើន នៅពេលដែលពួកគេបញ្ចប់ការ សិក្សា នៅទីនេះ ។ ការជ្រើសរើសជំនាញទាំងនេះផ្អែកទៅតាមពាក្យ ស្លោករបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី គឺរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ ។
លោកបន្តថា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នឹងបើកថ្នាក់ ដំបូងក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់សិស្សដែលមានចុះឈ្មោះចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ ។ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទប់ពិសោធន៍ គ្រូបណ្តុះបណ្តាល ដែលពោពេញទៅដោយសមត្ថភាពផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ឱ្យ អនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះ មានរយៈពេល៤ខែ សិក្សាដោយឥតគិត ថ្លៃ ។ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់ ។
ទន្ទឹមនឹងនេះលោក យ៉ោក សុទ្ធី បានអំពាវនាវ ទៅដល់យុវជន ដែលមិនទាន់ចុះឈ្មោះចូលរៀន ស្វែងយល់អំពីជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយនាំគ្នាមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា៕
ដោយៈវណ្ណលុក