ក្រសួងការងារ និងខេត្តកាំងវ៉ុន នៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈ ដើម្បីធ្វើការជ្រើសរើសពលករកម្ពុជា
ភ្នំពេញ៖ ខេត្ត កាំងវ៉ុន នៃសាធារណរដ្ឋកូរ៉េ នឹងធ្វើការជ្រើសរើស ពលរដ្ឋកម្ពុជាដើម្បីទៅបម្រើការងារជាពលកររដូវកាលនៅសាធារណរដ្ឋកូរ៉េ។
ការបញ្ជាក់ឱ្យដឹងនេះដោយមន្រ្តីក្រសួងការងារ បន្ទាប់ពីមាន ការចុះអនុស្សររណៈនៃការយោគយល់គ្នា(MoU)មួយរវាងរដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងអភិបាលក្រុង ឈុនឆន់ ខេត្តកាំងវ៉ុន កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ន នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងឱកាសនេះឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែង អំណរគុណដល់លោក យូក ទុងហាន( Yook, Dong Han) អភិបាល ក្រុង ឈុនឆន់ ចំពោះការទទួលយកពលករកម្ពុជានាពេលនេះ។ ក្រៅពី ការជ្រើសរើសពលកររដូវកាល ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ លោក អភិបាលក្រុងពិនិត្យក្នុងការជំរុញឱ្យរោងចក្រ សហគ្រាសក្នុងក្រុងទទួល យកពលករជំនាញរបស់កម្ពុជា(E7)ផងដែរ។
ចំណែកលោក យូក ទុងហាន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពី កិច្ចសហការប្រកបដោយទំនុកចិត្តរវាងក្រសួងការងារជាមួយគ្នាកន្លងមកខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ(EPS)រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលកររដូវកាលជាមួយក្រុងនិងស្រុករបស់សាធារណកូរ៉េជាច្រើនមកហើយ។
គួរបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសទាំងអស់ ជាពិសេសសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាព និងការគាំពារសិទ្ធិរបស់ ពលករ៕ដោយ៖ម៉ាដេប៉ូ