អភិបាលខេត្តស្វាយរៀង៖ ការប្រគល់មុខងារក្នុងវិស័យអប់រំចំនួន៣ មកឲ្យ រដ្ឋ បាល ក្រុង ស្រុកជាការបើកទំព័រសករាជថ្មីមួយទៀត នៃលទ្ធផលកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល

អត្ថបទដោយ៖
នុត នាង

(ស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានថ្លែងថា ការប្រគល់មុខងារក្នុងវិស័យអប់រំចំនួន៣ មកឲ្យរដ្ឋបាលក្រុង ស្រុក រួមមាន មុខងារគ្រប់គ្រងការអប់រំកុមារតូច  មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និង មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ ដូចដែលយើងកំពុងរៀបចំដំណើរការ ផ្ទេរបុគ្គលិកនាពេលនេះ ជាការបើកទំព័រសករាជថ្មីមួយទៀត នៃលទ្ធផល កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមថា ការផ្ទេរមុខងារ ធនធាន និងការគ្រប់គ្រងចាត់ចែងលើវិស័យ និង ផ្នែកនេះ មកឲ្យរដ្ឋបាលក្រុង ស្រុក ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជារដ្ឋបាល មូលដ្ឋាននៅកៀកជិតប្រជាពលរដ្ឋ និងមានលក្ខណៈសម្បត្តិសមស្រប បំផុត សម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡាក្នុងកម្រិត បឋម សិក្សាចុះក្រោម ប្រកបដោយប្រសិទ្ធភាព គុណភាព ស្របតាមគោល នយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីសិក្សា និងស្ដង់ដាសេវាអប់រំ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ។

ការថ្លែងបែបនេះរបស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅក្នុង ឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាឲ្យទៅរដ្ឋបាលក្រុង-ស្រុក នាព្រឹកថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២៣ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាល ទាំងនៅក្នុង អណត្តិមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ អតីត នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកប ដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា គឺតែងតែជំរុញដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ ឲ្យ បង្កើនល្បឿនក្នុងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ ទៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតការផ្ដល់សេវា និងការអភិវឌ្ឍឲ្យកាន់តែកៀក ប្រជា ពលរដ្ឋ ស្របតាមទិសដៅ និងចក្ខុវិស័យ ដែលមានកំណត់នៅ ក្នុងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ។ 

បន្ថែមលើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើនូវចំណុចសំខាន់ៗ មួយ ចំនួន ដើម្បីជាការចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តមុខងារដែលបានផ្ទេរនេះ ឱ្យមានប្រសិទ្ធភាព មានដូចខាងក្រោម ៖

១-សូមឲ្យមន្ទីរមុខងារសា ធារណៈ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រៀបចំនូវវគ្គបណ្ដុះបណ្ដាលបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាល ក្រុង ស្រុក អំពីគោលការណ៍ បែបបទ និងនីតិវិធីគ្រប់គ្រងបុគ្គលិករបស់ រដ្ឋបាល ក្រុង ស្រុក បន្ទាប់ពីដំណើរការផ្ទេរនេះ។ 

២-សូមឲ្យមានការរៀបចំនូវយន្តការគាំទ្រឲ្យបានច្បាស់លាស់ ដោយមានការចូលរួមពី មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរមុខងារសាធារណៈ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងការផ្ដល់ការគាំទ្រដល់ រដ្ឋបាល ក្រុង ស្រុក ដើម្បីធានាដល់ការសម្របសម្រួល និងដោះស្រាយ បញ្ហា ប្រឈមនានា ឲ្យបានទាន់ពេលវេលាពាក់ព័ន្ធនឹងការអនុវត្តមុខងារ ដែលបាន ផ្ទេរនេះ ។

៣-ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុកទាំងអស់ ត្រូវផ្ដោតការយក ចិត្ត ទុក ដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់លើការដឹកនាំ ការគ្រប់ គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែល បានប្រគល់ និងបានធ្វើប្រតិភូកម្មនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមគោល នយោបាយ គោលការណ៍ នីតិវិធី និងស្តង់ដាដែលបានកំណត់ និងត្រូវរៀបចំផ្សព្វ ផ្សាយឲ្យបានទូលំទូលាយអំពីមុខងារ តួនាទី និងការទទួលខុសត្រូវរបស់ រដ្ឋបាល ក្រុង ស្រុក ក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរឲ្យទាំងនេះ ឲ្យបានជ្រួតជ្រាបដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា ក្រុមប្រឹក្សាឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ៕

នុត នាង

ads banner