គម្រោងពង្រីកសមត្ថភាព ប្រព័ន្ធផ្គត់ផ្គងទឹកស្អាតខេត្តពោធិ៍សាត់ សម្ពោធដាក់ឲ្យដំណើរការ

(ភ្នំពេញ)៖ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គងទឹកស្អាត នៃ រោងចក្រទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ ក្នុងក្របខ័ណ្ឌ នៃហិរញ្ញប្បទានឥតសំណងរបស់ ប្រទេសជប៉ុន ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំ នៅកម្ពុជា។

វិសាលភាពរបស់គម្រោងរួមមាន ការសាងសង់ស្ថានីយ៍បូមទឹកនៅដែលមានសមត្ថភាព ៧២៦០ម៉ែត្រគីបក្នុង១ថ្ងៃ (៧ពាន់២រយហុកសឹបម៉ែត្រគីប ក្នុង១ថ្ងៃ) រោងចក្រប្រព្រឹត្តកម្មទឹកដែលមានសមត្ថភាពផលិតទឹកស្អាត ៦៦០០ម៉ែត្រគីបក្នុង១ថ្ងៃ បំពង់បញ្ជូនទឹកប្រវែង ៨៣គីឡូម៉ែត្រ បណ្តាញចែកចាយទឹកស្អាត ៧៥.៤គីឡូម៉ែត្រ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត សម្ភារបរិក្ខាអគ្គិសនី និង មេកានិច ផ្សេងៗទៀត ក្នុងគោលបំណងពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់ និង ២ភូមិ ក្នុង ១ឃុំ នៃស្រុកបាកាន និង ៧ភូមិ ក្នុង ៣ឃុំ នៃស្រុកកណ្តៀង ។ គម្រោងនេះបានផ្តល់ប្រយោជន៍ដល់ប្រជាជនសរុបប្រមាណ ៥២.៩៤៨ នាក់ ក្នុង ៩៧ភូមិ និងផ្តោតលើការបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និង និរន្តរភាព ។

ក្នុងឱកាសនៃការរំលឹកខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន JICA ក្នុងនាមជាដៃគូអភិវឌ្ឍដ៏យូរអង្វែងមួយក្នុងវិស័យទឹកស្អាតនៅកម្ពុជា ប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលយូរជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចឱ្យបាននូវការទទួលបានទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner