កសិករប្រើប្រាស់ជីកសិកម្មបែបថ្មី ចំណេញជាងជីគីមី៣០ទៅ៥០ភាគរយ និងផ្តល់ផលល្អទាំង គុណភាពដី ទិន្នផល និងបរិស្ថាន
(ខេត្តបាត់ដំបង)៖ ជីអូនិចភី៩ (ONIX P9)គឺជាជីប្រភេទបែបថ្មីមួយប្រភេទមិនត្រឹមផ្តល់នូវការលូតលាស់ដល់ដំណាំទេ តែក៏នៅបានជួយដល់បរិស្ថាន និង ពិសេសមិនបង្កការប៉ះពាល់ការប្រែប្រួលអាកាសធាតុផង។
បញ្ជាក់ពីសារៈសំខាន់នៃជីទាំងនេះលោក មុំ ទិត អ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុនផលិតជី CHusk បានឱ្យដឹងថា ជីកសិកម្មបែបថ្មីដែលក្រុមហ៊ុនផលិតបានមាន ៣ ប្រភេទ គឺប្រភេទ ម៉ត់ គ្រាប់ និងចំបើង តែងផ្តល់សារជាតិចិញ្ចឹមដល់រុក្ខជាតិរយៈពេលយូរ និង ពិសេសជួយការពាររោគជំងឺ ជួយឱ្យស្លឹករឹងមាំ ក្រាសធំ ។ហេតុនេះបើមានការប្រែប្រួលអាកាសធាតុដូចជាត្រជាក់ ឬក្តៅ តែងធន់នឹងជំងឺជាងកសិករប្រើប្រាស់ជីដទៃទៀត។ក្រៅពីនេះគាត់ចំណេញស្រែមិនសូវដុះស្មៅ និងសត្វល្អិត។ ជាក់ស្តែងដូចជានាពេលគ្រោះរាំងស្ងួតកសិករដែលប្រើជីនេះស្រូវមិនងាយងាប់ដូចជាកសិករប្រើជីដទៃទៀតទេ។វាអាចរស់នៅយូរជាងស្រូវដទៃទៀតចាប់ពី១០ទៅ២០ថ្ងៃដោយមិនបាច់បូមទឹកដាក់ក៏ស្រូវមិនងាប់ដែរ។
លោកបានថ្លែងថា”កសិករប្រើជីប្រភេទនេះចំណេញទាំងថវិកា ទាំងបរិស្ថាន និងពិសេសនៅតាមស្រែនៅមានខ្យង ខ្ចៅ ត្រី ជន្លេន និងជីវចម្រុះមួយចំនួនទៀតផង។បើតាមការពិសោធន៍នៅដីស្រែកសិករយើងឃើញថា ការប្រើប្រាស់មានប្រសិទ្ធភាពខ្ពស់ ធ្វើឲ្យដំណាំលូតលាស់បានល្អ ហើយកសិករអាចចំណេញការប្រើប្រាស់ជីគីមីបានពី ៣០ ទៅ ៥០ ភាគរយ”។
លោក សៀន ហៀង កសិកររស់នៅ ភូមិសំបុកអរ ឃុំកំពង់ព្រៀវ ស្រុក សង្កែ ខេត្ត បាត់ដំបង បានឱ្យដឹងថា៖ការប្រើជីប្រភេទថ្មីនេះមិនត្រឹមតែចំណេញថវិកានៅជួយដល់បរិស្ថានយ៉ាងសំខាន់ទៀត។ជីប្រភេទនេះវាជួយបង្កើនគុណភាពដី ជួយមិនឱ្យមានសត្វល្អិតច្រើនជាដើម។
លោក ព្រំ សុផុន កសិករមួយរូបទៀតបានលើកឡើងថា”ខ្ញុំទើបតែប្រើជីប្រភេទនេះ២ឆ្នាំទេ ប៉ុន្តែសង្កេតឃើញថាជីប្រភេទនេះល្អជាងជីគីមីច្រើន ដោយក្នុងនេះយើងមិនចាំបាច់ចំណាយថវិកាទិញជីគីមី ថ្នាំសត្វល្អិតទេ”។
លោកបានបញ្ជាក់ប្រាប់ថា”កសិករដែលកប្រើជីគីមីក្នុងមួយហិកតាបានស្រូវតែ៣តោនកន្លះទេ ប៉ុន្តែបើប្រើជីប្រភេទថ្មីនេះវាបានហុចផលចាប់ពី៦ទៅ៧តោនឬច្រើនជាងនេះផង។ឃើញថាផលចំណេញបានច្រើន”។
គួរបញ្ជាក់ថាជីប្រភេទថ្មីនេះបានទទួលការគាំទ្រពីក្រសួងបរិស្ថានដែលឆ្លើយតបការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានជាដើម៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ គ្រីសម្បត្តិ