បណ្ឌិត ហ៊ាង គឹមស្រឿន៖ សម្តេចតេជោ ហ៊ុន សែន ជាបិតាសិទ្ធិមនុស្សសម្រាប់មនុស្សជាតិ ដែលបានជួយសង្គ្រោះភ្ញៀវទេសចរជាង២ពាន់នាក់ នៅលើនាវា Westerdam
ភ្នំពេញ៖ បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា ការចូលចតរបស់នាវា Westerdam នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ គឺបានធ្វើឱ្យទាំងអស់គ្នានឹកឃើញនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសម័យកូវីដ-១៩ ដែលនាវាទេសចរណ៍មួយនេះដឹកភ្ញៀវទេសចរជាង២២០០នាក់ បានរសាត់អណ្តែតនៅលើលំហសមុទ្រ អស់រយៈពេលជាច្រើនថ្ងៃ ដែលបណ្តាប្រទេសមួយចំនួនមិនអនុញ្ញាតឱ្យចូលចត ដោយហេតុតែបណ្តាប្រទេសទាំងនោះមិនអនុញ្ញាតឱ្យចូលចត ក៏ព្រោះខ្លាចនាំមកនូវមេរោគកូវីដ-១៩ ពេលនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ពីសុខសុវត្ថិភាព និងគិតគូរពីសិទ្ធិមនុស្សជាសកល សម្តេចតេជោបានអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ដោយសម្តេចបានអញ្ជើញទៅទទួលភ្ញៀវទេសចរទាំងអស់នោះដោយផ្ទាល់ ដោយពុំគិតពីសុខភាពផ្ទាល់ខ្លួនរបស់សម្តេច និងមេរោគឆ្លងកូវីដ-១៩នោះឡើយ។

ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ថា សកម្មភាពទាំងអស់នេះ គឺចាត់ទុកសម្តេចតេជោហ៊ុន សែន ជាបិតាសិទ្ធិមនុស្សសម្រាប់មនុស្សជាតិ ដែលបានជួយសង្គ្រោះភ្ញៀវទេសចរជាង២០០០នាក់ ដែលកំពុងអស់ក្តីសង្ឃឹមថានឹងរួចផុតមានជីវិតរស់រានឡើងវិញ។
គួរបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតដោយមិនអល់អែកឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីប្រទេសចំនួន៤ និងកោះចំនួន២ មិនអនុញ្ញាតឱ្យចូលចត ហើយរសាត់អណ្តែតតែលតោលលើលម្ហមហាសាគរអស់រយៈពេល១២ថ្ងៃ ព្រោះតែការសង្ស័យមនុស្សលើនាវានេះ មានផ្ទុកមេរោគកូវីដ-១៩៕
ដោយ៖ពលជ័យ










