ឯកឧត្តម នេត្រ ភក្ត្រា ស្នើដល់ អាជ្ញាធរមានសមត្ថកិច្ច ចូលរួមការពារ អភិរក្ស សត្វផ្សោត សត្វត្មាត ជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងខេត្តក្រចេះ
(ក្រចេះ)៖ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និង សមាជិកចូលរួមជាង ៤០០ នាក់ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចូលរួមការពារអភិរក្សសត្វផ្សោត សត្វត្មាត ជីវៈចម្រុះដ៏សម្បូណ៌បែបតាមដងទន្លេមេគង្គ និងធនធានធម្មជាតិជាច្រើនទៀត ក្នុងខេត្តក្រចេះ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ។
ឯកឧត្តម នេត្រ ភក្ត្រា បន្តថា រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវខិតខំសហការសម្របសម្រួល និងគាំទ្រដល់ការរៀបចំរមណីយដ្ឋាន ទីតាំងទេសចរណ៍ និងរៀបចំក្រុង ស្រុកឱ្យមានសោភ័ណភាព មានភាពទាក់ទាញ បរិស្ថានអនាម័យស្អាត មានសណ្តាប់ធ្នាប់ ការប្រាស្រ័យទាក់ទងល្អ រួសរាយរាក់ទាក់ បង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមក្នុងមូលដ្ឋាន និងជំរុញលើកទឹកចិត្តឱ្យសហគមន៍មូលដ្ឋានចូលរួមឱ្យបានសកម្មលើការអភិវឌ្ឍទេសចរណ៍នៅហ្នឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេសឱ្យមកកម្សាន្តកាន់តែច្រើនឡើង សំដៅបង្កើនប្រាក់ចំណូលគ្រួសារ និងការកាត់បន្ថយភាពក្រីក្រ។
អង្គសន្និបាតបានលើកប្រធានបទក្រុមពិភាក្សាចំនួន៦ សំខាន់ៗរួមមាន ៖
១).ពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ២).ការផ្ដល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ ឃុំ សង្កាត់ ៣).ពង្រឹង និងជំរុញការអនុវត្តការងារសេវាសង្គមក្រុង ស្រុកនិងឃុំ សង្កាត់ ៤).ពង្រឹងគុណភាពសេវាសុខាភិបាល ៥).ពង្រឹងគុណភាពវិស័យអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ៦).ចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការគ្រប់គ្រងដីចំណីផ្លូវ ៕
ដោយ ង៉ាន់ ទិត្យ