ធុងសំរាមជាង២០០ធុង បានចែកជូនឃុំ សង្កាត់ចំនួនបី ក្នុងការជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិក ក្នុងខេត្តសៀមរាប

អត្ថបទដោយ៖
CPA

សៀមរាប៖ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល មន្ទីរបរិស្ថាន រួមនឹងអាជ្ញាធរខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែធ្នូ បានផ្តល់ធុងសំរាមបីប្រភេទដែលមានចំនួនជាង២០០ធុង ទៅដល់ឃុំសង្កាត់ចំនួនបី នៃបឹងទន្លេសាប ដែលជាផ្នែកមួយជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិកក្នុងខេត្តសៀមរាប។

ប្រភពមន្ទីរព័ត៌មានខេត្តសៀមរាបបានឱ្យដឹងថា លោក យុក សេងឡុង នាយកអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅថាអង្គការហ្វេក(FACT) បានបញ្ជាក់ថា ធុងសំរាមដែលបានផ្តល់ឱ្យឃុំ-សង្កា ត់ ចំនួនបីគឺ សង្កាត់ជ្រាវ ក្រុងសៀមរាប , ឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ លោកបន្តថា កាលពីពេលថ្មីៗកន្លងទៅនេះ អង្គការលោកក៏បានចែកធុងសំរាមដល់ឃុំចំនួន៣ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបងដែរ។

លោកបានថ្លែងថា ៖ «ធុងសំរាមដែលបានផ្តល់ជូននេះ មានសរុបចំនួន ២៣៥ធុង ដែលមានបីប្រភេទ គឺចំណុះ១២០លីត្រ ចំណុះ៦៦០លីត្រ និងប្រភេទធុងសម្រាប់ដាក់ជីសរីរាង្គ។ ការប្រគល់នេះ គឺជាគោលដៅរបស់គម្រោង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពធន់របស់សហគមន៍នេសាទនៅតំបន់ជីវចម្រុះក្នុងបឹងទន្លេសាប រយៈពេលយូរអង្វែង»។

បើតាមការបញ្ជាក់ពីលោក យុក សេងឡុង គម្រោងនេះមានការផ្តោតជាសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចបង្កើនជីវភាពរបស់សមាជិកសហគមន៍គោលដៅ តាមរយៈការបង្កើតសហគមន៍កសិកម្ម សេវាកម្មអេកូទេសចរណ៍ ការបង្កើតនិងដំណើរការបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប (TEN) ការដាំបន្លែ ការចិញ្ចឹមឃ្មុំ ការកែឆ្នៃផលនេសាទ ការកែឆ្នៃកាបូបនិងវត្ថុអនុស្សាវរីយ៍ពីកំប្លោក និងការគ្រប់គ្រងកាកសំណល់ក្នុងតំបន់គោលដៅគម្រោង តាមរយៈការកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាឥដ្ឋអេកូ កាបូប និងវត្ថុអន្សាវរីយ៍ជាដើម។ លោកបន្តថា ការប្រគល់ជូនធុងសម្រាមនេះក៏ជាផ្នែកមួយដ៏សំខាន់នៃគម្រោងនេះ ដោយមានការសហការយ៉ាងល្អជាមួយស្ថាប័នរាជរដ្ឋបាលកម្ពុជា ជាពិសេសរដ្ឋបាលក្រុង និងមន្ទីរបរិស្ថានខេត្ត ក៏ដូចជារដ្ឋបាលស្រុក និងឃុំនៅក្នុងតំបន់គោល ដោយផ្តោតជាសំខាន់លើការគ្រប់គ្រងសំណល់ប្លាស្ទិកនៅតាមទីសាធារណៈ តាមរយៈប្រមូល ទុកដាក់ និងចាត់ចែង។

ជាមួយគ្នានេះអង្គការហ្វេក ក៏មានផែនការនៅក្នុងការទិញនិងផ្តល់ជូនដល់ឃុំ សង្កាត់គោលដៅទាំងនេះ នូវមធ្យោបាយដឹកជញ្ជូនសំរាម ដូចជាទូក កាណូត ឬរ៉ឺម៉ក់កង់បី នៅក្នុងពេលឆាប់ខាងមុខនេះដែរ។

ក្នុងពិធីផ្តល់ធុងសំរាមនោះដែរ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានលើកឡើងថា បញ្ហាអនាម័យបរិស្ថានជាផ្នែកមួយសំខាន់ក្នុងចំណោមវិស័យផ្សេងទៀតដែលមាននៅក្នុងផែនការអភិវឌ្ឍន៍សង្កាត់ ហើយវាក៏ស្ថិតនៅក្នុងផែនការសកម្មភាពប្រចាំខែរបស់សង្កាត់ផងដែរ។

លោកបន្តថា បើទោះបីជាមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក៏ដោយ ក៏បញ្ហាសំរាមនេះ នៅតែជាបញ្ហាប្រឈមដដែល ដោយសារតែមានប្រជាជនមួយភាគតូច តែងតែលបលួចដឹកយកសំរាមទៅចោលតាមទីសាធារណៈនៅពេលយប់។ បើទោះជាយ៉ាងណា លោកបានរំពឹងថា ធុងសំរាមនេះ ក៏នឹងជួយកាត់បន្ថយការចោលសំរាមពាសវាលពាសកាល បានមួយផ្នែកធំ។

អនុប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប លោក ណម គិមអន បានថ្លែងថា នៅខេត្តសៀមរាប ប្រជាពលរដ្ឋបានផលិតសំរាមប្រមាណ ៦០០តោនក្នុងមួយថ្ងៃ ហើយភាគច្រើនជាសំរាមប្លាស្ទិក ក្នុងនោះសំរាមប្រមាណជាង ៥០ភាគរយ បានប្រមូលចូលទីលានចាក់សំរាម និងយកមកកែច្នៃ។

លោកបានបន្តថា ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ដែលឈរលើអាទិភាពចម្បង៣ គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន។ លោកថា ៖ «ដើម្បីសម្រេចបាននូវគោលដៅនេះ វាទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ព្រោះថាផែនដីរបស់យើងមានតែមួយ ដូច្នេះសំរាមដែលយើងបោះចោលទោះតិច ឬច្រើនវានៅលើផែនដីតែដដែល»។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន គិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មានអ្នកចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសរុបចំនួនជាង ៣,៦លានអង្គ/នាក់ ក្នុងនោះរួមមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កម្មករកម្មការិនី និងអ្នកចូលរួមផ្សេងៗទៀតដែរនៅទូទាំងប្រទេសកម្ពុជា៕ ដោយ៖ នាង សុគន្ធា

ads banner