យោធាទីក្រុងសេអ៊ូល ធ្វើសមយុទ្ធការពារការលួចវាយប្រហារដោយកូរ៉េខាងជើង

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោធា ប៉ូលិស និងបុគ្គលិកសង្គ្រោះបន្ទាន់របស់កូរ៉េខាងត្បូងប្រហែលជាង ១០០០ នាក់បានចូលរួមក្នុងសមយុទ្ធការពារជាតិពិសេសមួយ។ សមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីរបៀបត្រៀមខ្លួនពេលរងការវាយប្រហារពីប្រទេសកូរ៉េខាងជើងទៅលើទីក្រុងសេអ៊ូល ខណៈដែលមានការព្រួយបារម្ភថាអាចនឹងមានការលួចវាយប្រហារដោយសម្ងាត់ពីទីក្រុងព្យុងយ៉ាង។

សមយុទ្ធនេះបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយជាច្រើនលើក និងការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់ខ្លួន បើទោះបីជាប្រទេសទាំងពីរធ្លាប់បានព្រមព្រៀងបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានៅក្នុងកតិកាសញ្ញាមួយកាលពីឆ្នាំ២០១៨ ក៏ដោយ។

អភិបាលក្រុង លោក អូ សេហ៊ូន (Oh Se-hoon) បាននិយាយថា «មេរៀនធំមួយសម្រាប់ពួកយើង នោះគឺនៅពេលដែលប្រទេសអ៊ីស្រាអែលដែលមានប្រព័ន្ធការពារមីស៊ីលខ្លាំងលំដាប់ពិភពលោក ប៉ុន្តែនៅតែមិនអាចការពារពីការលួចវាយប្រហារដោយក្រុមហាម៉ាសដែលមានប្រដាប់ដោយកាំភ្លើងធំធម្មតា និងតាមមធ្យោបាយលួចវាយឆ្មក់បែបបុរាណ»។

លោកបានរៀបរាប់ថា ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា នៅក្នុងទីប្រជុំជនរបស់អ៊ីស្រាអែល ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាង ១២០០ នាក់បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ការដែលមានកម្លាំងយោធាខ្លាំងក្លា គឺមិនអាចធានាបាននូវសុវត្ថិភាពពេញលេញនោះទេ ប្រសិនបើមានការលួចវាយប្រហារពីសត្រូវភ្លាមៗបែបនេះ។

ក្នុងអំឡុងពេលសមយុទ្ធកាលពីថ្ងៃពុធម្សិលមិញ ក្រុមទាហាន ប៉ូលិស និងបុគ្គលិកសង្គ្រោះបន្ទាន់ បានធ្វើពុតហាក់បីដូចជាកំពុងទទួលរងការវាយប្រហារទៅលើតំបន់សំខាន់ៗដូចជា កន្លែងផ្គត់ផ្គងទឹក ស្ថានីយ៍ទូរសព្ទ និងតំបន់ខ្សែកាបក្រោមដីជាដើម។ លោក អូ បានចង្អុលបង្ហាញថា ទីក្រុងសេអ៊ូលមានចម្ងាយត្រឹមតែ ៣៨ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនរបស់ប្រទេសកូរ៉េខាងជើង ដូច្នេះវាពិតជាងាយរងការវាយប្រហារគ្រប់ពេលវេលា។

ទីក្រុងសេអ៊ូល គឺជាតំបន់ស្នូលរបស់កូរ៉េខាងត្បូង ដែលមានភាពអ៊ូអរ និងជាមូលដ្ឋានរបស់រដ្ឋាភិបាល ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ និងមានប្រជាជនរស់នៅប្រមាណ ៩,៤ លាននាក់ និង ១,៤ លាននាក់ទៀតដែលធ្វើដំណើរចេញ និងចូលទីក្រុងដើម្បីធ្វើការ និងទៅសាលារៀនជារៀងរាល់ថ្ងៃ។

លោក អូ បានបង្ហាញពីគោលជំហរយ៉ាងមុតមាំ ប្រឆាំងនឹងកូរ៉េខាងជើង ហើយលោកជឿជាក់ថា កូរ៉េខាងត្បូងត្រូវការផលិតអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនឱ្យបានឆាប់រហ័ស ដើម្បីទប់ទល់នឹងការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង។

យ៉ាងណាក៏ដោយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល (Yoon Suk Yeol) បានច្រានចោលគំនិតដែលចង់ផលិតអាវុធនុយក្លេអ៊ែរ។ ផ្ទុយទៅវិញ លោកបានផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងសម្ព័ន្ធភាពយោធាជាមួយសហរដ្ឋអាមេរិក និងការកសាងទំនាក់ទំនងសន្តិសុខជាមួយប្រទេសជប៉ុន។

គួរបញ្ជាក់ថា សមយុទ្ធនេះបានធ្វើឡើងក្រោយពេលដែលកូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មថ្មីលើជនជាតិកូរ៉េខាងជើង ៨ នាក់ដែលមានជាប់ពាក់ព័ន្ធនឹងសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ គិតមកទល់ពេលនេះ បើទោះបីជាធ្លាប់មានការប៉ះទង្គិចគ្នានៅដែនសមុទ្រ ហើយកោះកូរ៉េខាងត្បូងមួយត្រូវបានទម្លាក់គ្រាប់បែកដោយកូរ៉េខាងជើង បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសទាំងសងខាងក៏ដោយ ក៏មិនមានការវាយប្រហារណាមួយដោយផ្ទាល់មកលើទីក្រុងសេអ៊ូលនោះទេ គិតចាប់តាំងពីសង្គ្រាមកូរ៉េបានបញ្ចប់នៅឆ្នាំ១៩៥៣។

ក្នុងខែធ្នូនេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងថ្មីបំផុតរបស់ខ្លួន បន្ទាប់ពីបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនកាលពីខែវិច្ឆិកា។ លើសពីនេះទៀត នៅក្នុងខែកញ្ញា កូរ៉េខាងជើងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបានដាក់បញ្ចូលការប្រើប្រាស់អាវុធនុយក្លេអ៊ែរទៅក្នុងមធ្យោបាយមួយនៃគោលនយោបាយការពារជាតិរបស់ខ្លួន៕ ប្រែសម្រួល៖ ធា សុណា

ads banner