ក្នុងខែធ្នូនេះមានមន្រ្តីចំនួន ២៩៩នាក់ ប្រកាសទ្រព្យសម្បត្តិ និងមានពាក្យប្តឹងចំនួន ៣១ករណី
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងធ្នូ ឆ្នាំ ២០២៣នេះសម្រាប់ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្រ្តីសរុបចំនួន ២៩៩នាក់បានមកប្រកាសទ្រព្យសម្បត្តិ និង ចំណែកពាក្យប្តឹងមកអង្គភាពប្រឆាំង អំពើ ពុករលួយ វិញមានចំនួនសរុប៣១ករណី។
ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងពេលបើកកិច្ចប្រជុំលើកទី៣០ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នារសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះថា៖សម្រាប់ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងខែធ្នូនេះមន្ត្រីចំនួន ២៩៩នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបាន ការតែងតាំងថ្មីចំនួន ១៩៦នាក់ និងមន្ត្រី ១០៣នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុល ជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។

ឯកឧត្តមបានលើកឡើងដោយបញ្ចាក់បន្ថែមថា៖”សម្រាប់ការងារពាក្យប្ដឹងវិញអង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យ ប្ដឹង ដែលមានក្នុងខែធ្នូនេះ ចំនួន ៣១ពាក្យប្ដឹង”។
គួរបញ្ជាក់ថាបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរូបនេះនាកន្លងមកបានឱ្យដឹងថា៖ការទទួលពាក្យប្តឹងពីប្រជាពលរដ្ឋ និងសាធារណៈជន ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយគឺមានច្រើនវិធីណាស់ ក្នុងនេះដូចជាគេអាចដាក់ពាក្យប្តឹងតាមប្រអប់ ស តាមដងផ្លូវ គេអាចដាក់ពាក្យប្តឹងគ្រាន់តែទូរស័ព្ទមកអង្គភាព និងដាក់ពាក្យប្តឹងគ្រាន់តែសរសេរតាមអ៊ីម៉ែល ជាដើម។ទាំងអស់នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដាក់ពាក្យប្តឹងប្រឆាំងទៅនឹងអ្នកប្រព្រឹត្តិអំពើពុករលួយ។សម្រាប់អ្នកដាក់ពាក្យប្តឹងត្រូវភ្ជាប់មកជាមួយភស្ថុតាង និងអ្វីផ្សេងៗទៀតកាន់តែប្រសើរដើម្បីងាយស្រួលដាក់ទម្ងន់ និងការអនុវត្តទៅលើជនប្រព្រឹត្តិអំពើពុករលួយប្រកបដោយប្រសិទ្ធភាព ៕




អត្ថបទ៖ម៉ាដេប៉ូ, រូបភាព៖ គ្រីសម្បត្តិ