អាជ្ញាធរមីនកម្ពុជា ប្តេជ្ញា​រួមគ្នា​រំដោះប្រទេសជាតិ​ចេញពីទុក្ខវេទនា និងការគម្រាមកំហែងពីគ្រាប់មីន

អត្ថបទដោយ៖
CPA

កែប៖មន្រ្តីជាន់ខ្ពស់នៃ​អាជ្ញាធរមីនបាន​លើកឡើងថា ការទទួលជោគជ័យរយៈពេល៣០ឆ្នាំនៃសកម្មភាព​មីននៅកម្ពុជា គឺកើតចេញពីការចូលរួមរបស់យើងទាំងអស់គ្នា និងជាអ្នកបង្កើតប្រវត្តិសាស្រ្តនេះសម្រាប់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានថ្លែងឡើងដូចនេះ ក្នុង​ពិធីបិទកិច្ចប្រជុំបូកសរុ​បលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ របស់អាជ្ញាធរមីន ដែលប្រ​ព្រឹ​ត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។

ឯកឧត្តមបាន​ថ្លែង​ឱ្យដឹងថា ៖ «​រដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងបន្តគាំទ្រចំពោះការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងនោះរួមទាំងវិស័យសកម្មភាពមីន»។​

​ឯកឧត្តមបានបន្តថា រដ្ឋាភិបាលអាណត្តិទី៧ ដែលទើបមានអាយុកាលជាង ៤ ខែ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបាន និងបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយដឹកនាំប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន ​ក្នុងនោះរួមទាំងវិស័យសកម្មភាពមីននៅកម្ពុជាផងដែរ។ ​​

​នាឱកាសនោះ ឯកឧត្តម លី ធុជ បាន​រំលេចដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជា ទទួលបាននូវកិត្តិយស និងការវាយតម្លៃខ្ពស់ពីរដ្ឋភាគីចំនួន ១៦៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នូវសមត្ថភាពរបស់កម្ពុជា ដោយបានបោះឆ្នោតជ្រើសតាំងធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាប្រសិទ្ធនាមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ឆ្នាំ២០២៤។ ​

ឯកឧត្តមបាន​​បញ្ជាក់​ថា ៖ «ពាក់ព័ន្ធនឹងការងារបោសសម្អាតមីន ឆ្នាំ២០២៣ នេះកម្ពុជា បានដាក់ចេញនូវផែនការបោសសម្អាតផ្ទៃដីមានមីនរហូតដល់ ៣៥៦ គីឡូម៉ែត្រក្រឡា ដែលជាផែនការប្រចាំឆ្នាំធំជាងគេក្នុងរយៈពេល ៣០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២»។ជាមួយគ្នានេះ កម្ពុជា បានក្លាយជាឈានមុខគេ និងត្រូវបានចាត់ទុកជាប្រទេសគំរូនៅលើសកលលោក សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយជោគជ័យលើវិស័យសកម្មភាពមីន​ ដែលសមិទ្ធផលទាំងនេះ បានកើតចេញពីគុណតម្លៃនៃសន្តិភាពមិនអាចកាត់ថ្លៃបានរបស់ ​សម្តេចតេជោ ហ៊ុន សែន អតីតនា​យ​ករដ្ឋមន្រ្តី និងបន្តការគាំទ្រយ៉ាងពេញទំហឹង និងមុះមុតក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥។​

ឯកឧត្តម លី ធុជ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន បន្តប្រកាប់ខ្ជាប់នូវអកប្បកិរិយា និងឥរិយាបទចំនួន ៧ ចំណុច ក្នុងបំពេញការងារប្រចាំថ្ងៃ រួមមាន ភាពស្មោះត្រង់ចំពោះស្ថាប័ននិងជាតិ, ការបំពេញកាតព្វកិច្ច, ការគោរពគ្នាទៅវិញទៅមក, ការផ្តល់សេវាដោយមិនគិតពីប្រយោជន៍ខ្លួនឯង, ការផ្តល់កិត្តិយសឱ្យគ្នា, សុចរិតភាព និងសេចក្តីក្លាហាន/ការពុះពារ។

ឯកឧត្តមបន្តថា ក្រោយសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ អាជ្ញាធរមីន នៅមានកិច្ចការជាច្រើនទៀត រួមទាំងការរៀបចំនូវផែនការយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជាសំខាន់ៗចំនួន២ រួមមាន ការរៀបចំគោលនយោបាយជាតិស្តីពីសកម្មភាពមីន និង​ការគាំទ្ររៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនសម្រាប់ក្រោយឆ្នាំ២០២៥៕

ដោយ៖ នាង សុគន្ធា

ads banner