អង្គភាពការពារកុមារ  គាំទ្រដល់ផែនការក្រសួងសុខាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពជាសកល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អង្គភាពការពារកុមារហៅកាត់CPU បានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសកុមារកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ការបញ្ជាក់ជំហរនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការងារគួរសម និងពិភាក្សាការងាររវាងឯកឧត្តម កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល  និងលោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣។

ប្រភពក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងជំនួបនោះឯកឧត្តម កុយ វ៉ាន់នី បានស្វាគមន៍និងថ្លែងអំណរគុណដល់អង្គភាពការពារកុមា អំពីកិច្ចសហការជាមួយមន្រ្តីនគរបាលជាតិកម្ពុជា ក្នុងការងារស៊ើបអង្កេតបទល្មើសផ្សេងៗប្រឆាំងទៅនឹងកុមារ ព្រមទាំងធ្វើការផ្ដល់វគ្គបណ្ដុះបណ្ដាលស៊ីជម្រៅ លើជំនាញផ្នែកការងារស៊ើបអង្កេតនៃការរំលោភបំពាន និងបទល្មើសផ្សេងៗទៀតដែលបានប្រព្រឹត្តប្រឆាំងទៅនឹងកុមារ។

ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់អង្គភាពការពារកុមារ ជាពិសេស លោកនាយកប្រតិបត្តិអង្គភាព ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ពិសេសកុមារកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ក្នុងឱកាសនេះលោក James McCabe នាយកប្រតិបត្តិ បានជម្រាបជូនអង្គប្រជុំថា អង្គភាពCPU បានចាប់ផ្តើមដំណើការតាំងពីឆ្នាំ២០១៣ និងធ្វើប្រតិបត្តិការទូទាំង២៥ រាជធានីខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ និងផ្តល់នូវជំនាញស៊ើបអង្កេត និងជំនាញកោសល្យវិច័យបន្ថែមក្នុងករណីធ្ងន់ធ្ងរ។

ពាក់ព័ន្ធកុមារនេះដែរកាលពីថ្ងៃទី២៦ ខែធ្នូ  លោកជំទាវ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារអាហារូបត្ថម្ភ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពការផ្តល់សេវាអាហារូបត្ថម្ភសម្រាប់ មាតា ទារក និងកុមារ ក៏ដូចជាស្តុកឱសថមួយចំនួន នៅមណ្ឌលសុខភាពចំណារក្រោម និងមណ្ឌលសុខភាពដំរីជាន់ខ្លា នាខេត្តកំពង់ធំ។

នាឱកាសនោះ លោកជំទាវ និងក្រុមការងារក៏បានឆ្លៀតពេលចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខដល់ស្រ្តីដែលកំពុងមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ដែលស្ថិតក្នុងភូមិចំណារក្រោម។ លោកជំទាវក៏បានលើកទឹកចិត្តស្ត្រីក្រោយសម្រាលឱ្យបន្តបំបៅកូនដោយទឹកដោះម្តាយ និងយកកូនទៅទទួលថ្នាំបង្ការឱ្យបានគ្រប់មុខទៅតាមកាលវិភាគរបស់កម្មវិធីផ្តល់ថ្នាំបង្ការ៕

ដោយ៖ សុខ រក្សា

ads banner