ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  បន្តក្រើនរំឭកដល់កងកម្លាំងនគរបាលជាតិ ខិតខំថែរក្សាសន្តិសុខ និងបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ជាមួយនឹងសមិទ្ធផលគួរឱ្យស្ញប់ស្ញែងក្នុងឆ្នាំ២០២៣ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានក្រើនរំឭលដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ច និងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមទាំងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ការក្រើនរំឭករបស់ឯកឧត្តមឧបនាយករដ្ឋម​ន្រ្តី ស សុខា ធ្វើឡើងតាមរយៈផ្ញើសារជូនពរ ដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានយកឱកាសនេះសម្តែងនូវការកោតសរសើរដល់កងកម្លាំងទាំងអស់ដោយស្មោះចំពោះ កិច្ចខិតខំប្រឹងប្រែង និងពលិកម្មគ្រប់បែបយ៉ាង អស់រយៈពេលពេញមួយឆ្នាំ២០២៣ ក្នុងការបំពេញភារកិច្ចថ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ និងការខិតខំផ្តល់សេវាសាធារណៈ គ្រប់ប្រភេទជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ជាមួយនឹងសមិទ្ធផលគួរឱ្យស្ញប់ស្ញែងដែលសម្រេចបានកន្លងមកដូចបានលើកឡើងខាងលើនេះ ឯកឧត្តម ស សុខា នៅតែបន្តក្រើនរំលឹកដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្ត យកចិត្តទុកដាក់បំពេញភារកិច្ច និងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមទាំងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ជាពិសេសត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍នានារបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ព្រមទាំងចលនាឱ្យបានសកម្មផុលផុសនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅរួមចំណែកសម្រេចបាននូវខ្លឹមសារជាសារវន្តនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧៕

ដោយ៖ សុខ រក្សា

ads banner