ស្ថានភាពសង្គ្រាមនៅតំបន់ហ្គាហ្សា អាចនឹងកាន់តែអាក្រក់ឡើងនៅឆ្នាំ២០២៤
ហ៊្សេរ៉ុយសាឡិម៖សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅលើទឹកដីហ្គាហ្សា ទំនងជាមិនអាចរកចំណុចបញ្ចប់ឃើញទេនៅត្រឹមឆ្នាំ ២០២៤។ ការណ៍ដែលមិនទាន់អាចបិទបញ្ចប់សង្គ្រាមបាននេះ នឹងធ្វើឱ្យទឹកដីប៉ាឡេស្ទីនរងការបំផ្លិចបំផ្លាញកាន់តែខ្លាំងថែមទៀត ហើយច្បាស់ណាស់ថា ជីវិតរបស់ប្រជាជនស៊ីវិលក៏នឹងស្ថិតក្នុងសភាពផុយស្រួយ។
ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាមក លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ ហាក់បង្ហាញពីបំណងចង់វាយកម្ទេចដើម្បីលុបបំបាត់ក្រុមហាម៉ាសចេញពីទឹកដីកាហ្សាតែម្ដង។
ប៉ុន្តែមេដឹកនាំក្រុមហាម៉ាស គឺលោក Yahya Sinwar រំពឹងអាចដោះដូរចំណាប់ខ្មាំង ប៉ាឡេស្ទីនរាប់ពាន់នាក់ ជាមួយនឹងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលប្រមាណជាង ២០០នាក់ ហើយថានេះអាចជាទីបញ្ចប់នៃសង្គ្រាម។
ភាពផុយស្រួយនៃអាយុជីវិតប្រជាជនស៊ីវិល នៅក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ប៉ាឡេស្ទីនហាក់មានមោទនភាពចំពោះក្រុមហាម៉ាស ដែលមានសមត្ថភាពអាចវាយលុកអ៊ីស្រាអែល ប៉ុន្តែមិនយូរប៉ុន្មាន ភាគីអ៊ីស្រាអែលបានវាយបកយ៉ាងចាស់ដៃ។
យោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា ការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍ របស់អ៊ីស្រាអែលបានធ្វើឱ្យតំបន់ជាច្រើនដែលគ្រប់គ្រងដោយក្រុមហាម៉ាស ស្ថិតក្នុងការបំផ្លិចបំផ្លាញ ដោយបានសម្លាប់មនុស្សជាង ២ម៉ឺននាក់ ,របួសជាង៥ម៉ឺននាក់ និងមនុស្ស ជិត២លាននាក់ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅជាប្រចាំ។
បើទោះបីជាអ៊ីស្រាអែលបន្តការទម្លាក់គ្រាប់បែកមិនសំចៃដៃបែបនេះក្ដី ក្រុមហាម៉ាសហាក់ដូចជា មិនទាន់រង្គោះរង្គើឡើយ ផ្ទុយទៅវិញ ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់បែរជាត្រូវរងគ្រោះកាន់តែខ្លាំង។
តាមរយៈស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ អ៊ីស្រាអែលបានដាក់ព្យាករណ៍ថា សង្គ្រាមនឹងបន្តអូស បន្លាយជាច្រើនខែបន្ថែមទៀត។
តើនឹងមានអ្វីកើតឡើង ប្រសិនបើសង្គ្រាមនេះដើរដល់ផ្លូវបញ្ចប់?
ទោះបីជាសង្គ្រាមអាចបិទបញ្ចប់ក៏ដោយ អ៊ីស្រាអែលក៏ទំនងជារក្សាកម្លាំងយោធា ដើម្បីកាន់កាប់ តំបន់មួយចំនួន។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលលោក នេតាន់យ៉ាហ៊ូ ក៏ធ្លាប់បានប្រាប់រដ្ឋអារ៉ាប់ មួយចំនួនដែរថា ខ្លួនចង់បង្កើតតំបន់ការពារមួយ ដើម្បីចៀសវាងការវាយប្រហារណាមួយពីក្រុមឧទ្ទាមនាថ្ងៃខាងមុខ។
ពីសាធារណៈ និងអ្នកជំនាញបានយល់ឃើញថា អ៊ីស្រាអែលមិនងាយដកកងទ័ពចេញពីតំបន់ ហ្គាហ្សានោះទេ ដូច្នោះហើយមានភាគរយច្រើនដែលអ៊ីស្រាអែលអាចកាន់កាប់តំបន់ជាច្រើន យ៉ាងបើកចំហរ។
អ្នកនយោបាយភាគច្រើនយល់ថា តំបន់ហ្គាហ្សានឹងមានអនាគតមិនខុសគ្នាពីតំបន់ West Bank នោះទេ ពោលគឺបើទោះជាសង្គ្រាមបានបិទបញ្ចប់ហើយ ប៉ុន្តែអ៊ីស្រាអែលបន្តពង្រាយកងកម្លាំង យាមល្បាត និងមានសិទ្ធិចេញចូលតំបន់នេះបានគ្រប់ពេលវេលា។
បច្ចុប្បន្ន រូបភាពនៃសង្គ្រាមហាក់កំពុងសាយភាយចេញពីតំបន់ហ្គាហ្សាកាន់តែឆ្ងាយទៅៗហើយ។ ការលូកដៃចូលរបស់អាមេរិកក្នុងការផ្ដល់ជំនួយយោធាដល់អ៊ីស្រាអែល បាននាំឱ្យសម្ព័ន្ធមិត្តរបស់ ក្រុមហាម៉ាសបើកការវាយលុយកប៉ាល់ដឹកទំនិញនៅលើសមុទ្រក្រហម និងសមុទ្រមេឌីទែរ៉ានេ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មពិភពលោក៕
ប្រែសម្រួល៖ កែវ បុស្បា
ប្រភព៖ Reuters Gaza in 2024: Signs of more devastation, open-ended occupation