ក្រសួង​សុខាភិបាល ប្រកាស​រកឃើញវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង JN.1 ចំនួន​បួនករណី​

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួង​សុខាភិបាល បានប្រកាសរក​ឃើញ​វីរុសកូវីដ​១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង(Omicron) JN.1 ចំនួនបួនករណីដែលលទ្ធផលនេះ​ រកឃើញដោយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខណៈក្រសួងបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះសុខភាព និងទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ដូស។

យោងតាមសេចក្តីប្រកាស​របស់​ក្រសួង​​សុខាភិបាល​ ​​នៅថ្ងៃទី​២៩ ខែធ្នូ បាន​ឱ្យដឹងថា​ បច្ចុប្បន្ននេះ អ្នកជំងឺទាំងបួននាក់ បានទទួលការព្យាបាល ជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។

ក្រសួងសុខាភិបាលបានឱ្យដឹង​​ថា  «តាមចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមានសភាពធ្ងន់ធ្ងរទ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI ( Variant of Interest) មិនមែនជាវីរុសបំប្លែ​ងថ្មីដែល ជាប្រភេទព្រួយបារម្មណ៍ VOC ( Variant of Concern) នោះទេ»។

ទន្ទឹមនឹងនេះ ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានកត់សម្គាល់ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ដោយតេស្ដរហ័សនៅក្នុងចំណោមអ្នកជំងឺដែលមកទទួ​លសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានាមានការកើនឡើង។

​ដោយមើលឃើញពី​​ចំណុចនេះ ក្រសួងសុខាភិបាល បាន​​អំពាវនាវ និង​ក្រើនរំឭកដល់​ប្រជាពលរដ្ឋទាំងអស់ថា ​យកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លង វីរុសបំប្លែងថ្មីនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះ ក្រសួងណែនាំឱ្យមានវិធានការបង្ការជំងឺ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬ អាល់កុល ឬ ជែលលាងដៃ, ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ ដោយប្រើ ផ្នត់កែងដៃ ម៉ាស ក្រមា កន្សែង ឬក្រដាស អនាម័យ រួចខ្ចប់បោះចោលក្នុងធុងសម្រាប់បិទជិត។

បើតាមក្រសួងសុខាភិបាល ៖ «អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាកុមារ ជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះជាដើម មិនត្រូវចូលរួមជាមួយព្រឹត្តិការណ៍ដែលមានមនុស្សច្រើន បើមិនមានការ ចាំបាច់បំផុតនោះ ត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាតពីគ្នា ព្រមទាំងមាន អ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវ»។

ជាមួយគ្នានេះដែរ ក្រសួង​សុខាភិបាល ក៏បាន​ណែនាំឱ្យ​បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូស​ជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីព​ង្រឹងប្រព័ន្ធភាពស៊ាំរឿងៗខ្លួនឱ្យបានសមស្រប ដើម្បីបង្ការការឆ្លងវីរុសកូវីដ១៩។

យោងតាម​របាយការណ៍​របស់ក្រសួង​សុខាភិបាល ​​គិត​ត្រឹមថ្ងៃទី​២៨ ខែធ្នូ​ ឆ្នាំ២០២៣ កម្ពុជាមាន​អ្នកឆ្លងមេរោគកូវីដ១៩សរុបទូទាំងប្រទេស ចំនួន ១៣៩ ០០៣ នាក់, ករណីជាសះស្បើយសរុបចំនួន១៣៥ ៩២៨ នាក់ និង​ករណីស្លាប់ចំនួន ៣០៥៦ នាក់។ ចំណែកលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  បានចំនួន​​ ៩៥,៧៣ភាគរយ៕

ដោយ៖ នាង សុគន្ធា

ads banner