របបយោធាមីយ៉ាន់ម៉ា នឹងបង្ក្រាបប្រតិបត្តិការឆបោកនៅព្រំដែនថៃ
ណៃពិដោ៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ ខែធ្នូ បាននិយាយថា អាជ្ញាធរមីយ៉ាន់ម៉ានឹងបង្ក្រាបប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតនៅតាមព្រំដែនជាមួយប្រទេសថៃ បន្ទាប់ពីមានកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។
សកម្មភាពឆបោកតាមអ៊ីនធឺណិតបានរីកដុះដាលនៅតាមព្រំដែនរបស់ប្រទេសមីយ៉ាន់ម៉ា ហើយក្រុមឆបោកទាំងនោះភាគច្រើនជាពលរដ្ឋមកពីប្រទេសចិន និងប្រទេសមួយចំនួនផ្សេងទៀតដែលជារឿយៗត្រូវបានបង្ខំឱ្យធ្វើការបោកប្រាស់ជនរួមជាតិរបស់ពួកគេ។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនបានចាប់ខ្លួនមេខ្លោងឆបោកពីក្រុមជីវពលដែលគ្រប់គ្រងដោយកងជីវពលនៅតាមព្រំដែនជាមួយប្រទេសចិន និងបាននិរទេសជនជាតិចិនរាប់ពាន់នាក់នៅក្នុងការបង្ក្រាបលើឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបាននិយាយថា ប្រមុខរដ្ឋាភិបាលលោក មីង អោង ឡាំង(Min Aung Hlaing )និងឧត្តមសេនីយ៍ឯក ចាក់កាពង់ ចាន់ពេងពិន(Jakkapong Janpengpen) នៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសថៃបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងយោធារបស់ពួកគេនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៧ ខែធ្នូកន្លងទៅថ្មីៗនេះ។
បើយោងទៅតាមសារព័ត៌មាន Global New Light of Myanmar បានឱ្យដឹងថា៖ «ប្រទេសទាំងពីរបានពិភាក្សាអំពីផែនការរួមគ្នាលុបបំបាត់ ល្បែងអនឡាញ និង សកម្មភាពឆបោកតាមអ៊ីនធឺណិតនៅតំបន់ Myawaddy ពោលគឺជាតំបន់ព្រំដែនមីយ៉ាន់ម៉ា-ថៃ»។
ទីប្រជុំជន Myawaddy ត្រូវបានគ្រប់គ្រងដោយ កងជីវពលចម្រុះយោធា ខណៈមានអ្នកវិភាគ និង របាយការណ៍មួយចំនួនលើកឡើងថា តំបន់ជុំវិញនោះគឺជាកន្លែងពេញនិយមសម្រាប់ការផលិតគ្រឿងញៀន និងសម្លៀកបំពាក់សម្រាប់ឆបោកតាមអ៊ីនធឺណិត។
នៅដើមឆ្នាំ ២០២៣ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ១២០ ០០០ នាក់ត្រូវបានចាប់ជំរិតនៅក្នុងតំបន់ឆបោកមួយក្នុងប្រទេសមីយ៉ាន់ម៉ា។
មនុស្សជាច្រើនត្រូវបានគេជឿថា ត្រូវចាប់ជំរិតដាក់នៅក្នុងទីប្រជុំជន Laukkai ភាគខាងជើងរដ្ឋ Shan ដែលពេលនេះបានក្លាយជាទីតាំងវាយលុកប្រឆាំងនឹងយោធាពីសំណាក់ក្រុមសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ពលរដ្ឋថៃ និងវៀតណាមរាប់រយនាក់ ដែលធ្វើការក្នុងទីប្រជុំជន Laukkai ត្រូវបានជម្លៀសចេញពីប្រទេសមីយ៉ាន់៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ ប្រភព៖ https://www.straitstimes.com/asia/se-asia/myanmar-junta-to-crack-down-on-scam-operations-on-thai-border