កម្ពុជាប្រារព្ធខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិល (Video Inside)
កម្ពុជាបានប្រារព្ធខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។
ខួបរំលឹកទិវាបញ្ចប់សង្គ្រាមនាថ្ងៃទី២៩ធ្នូនេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ប្រទេសកម្ពុជា បានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរយៈពេល២៨ឆ្នាំ ដោយសារតែការធ្វើរដ្ឋប្រហារថ្ងៃទី១៨មីនាឆ្នាំ១៩៧០ ដឹកនាំដោយ លន់ នល់, សីរីមតៈ និងលោក ចេង ហេង។
សង្គ្រាមបាននាំឱ្យកម្ពុជាធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថា ជារបបខ្មែរក្រហម ដែលរបបនោះបានប្រព្រឹត្តអំពើកាប់សម្លាប់រង្គាល មកលើប្រជាជនរបស់ខ្លួនឯងច្រើនលាននាក់ និងបាននាំកម្ពុជាឈានដល់ចំណុចសូន្យ។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ កម្ពុជាបានប្រឈមនឹងសង្គ្រាមស៊ីវិលបន្តមកទៀត រហូតដល់ថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៨ សង្គ្រាមស៊ីវិលបានបញ្ចប់ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា។
កម្ពុជាមានមនុស្សស្លាប់ច្រើនណាស់ ក្នុងអតីតកាលសង្គ្រាមស៊ីវិល ទំរាំទទួលបានមកវិញនូវការបញ្ចប់សង្គ្រាមបង្ហូរឈាមរយៈពេលជិត៣០ឆ្នាំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសថ្លែងក្នុងពិធីប្រារព្ធខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល នាថ្ងៃទី២៩ធ្នូ បានគូសបញ្ជាក់នូវសារៈប្រយោជន៍ នៃនយោបាយឈ្នះឈ្នះ ដែលបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅកម្ពុជា និងបាននាំមកនូវទឹកដីឯកភាពទាំងស្រុង មិនធ្លាប់កើតមានក្នុងរយៈពេល៥០០ឆ្នាំកន្លងមកនេះ។
កម្ពុជាដើម្បីរំលឹកចងចាំទុកនូវប្រវត្តិសាស្ត្រជាតិ ដែលពន្លត់ភ្លើងសង្គ្រាមស៊ីវិលនេះ បានបង្កើតនូវសំណង់វិមានឈ្នះឈ្នះមួយ ស្ថិតនៅជាយរាជធានី។
សំណង់នៃវិមានឈ្នះឈ្នះ ត្រូវគេពណ៌នាថា បានបញ្ជាក់នូវអត្ថន័យដ៏មានសារៈសំខាន់ចំនួន៣៖ គឺទី១. កំពូលវិមានដែលជ្រុង៣ គឺតំណាងឲ្យនយោបាយឈ្នះឈ្នះ។ សារៈសំខាន់ ទី២.គឺតួវិមានដែលមានជ្រុង៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID ដែលជាយុទ្ធសាស្ដ្រ រំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម…និងសារៈសំខាន់ទី៣ គឺតួវិមានមានជ្រុង ៧ ដែលតំណាងកត្តានាំឲ្យនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ។