សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល ក្នុងដំណាក់កាលទី១ សម្រេចបានជាងពាក់កណ្តាល (Video Inside)
សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាលបានសាងសង់សម្រេចទើបបានជាង ៥៨% ទេ គ្រាដែលគម្រោងសម្ពោធបានពន្យារហូតដល់ឆ្នាំ២០២៥។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាលោក ស៊ីន ចាន់សេរីវុត្ថា បានថ្លែងថា ចំណាយលើការសាងសង់គិតត្រឹមខែធ្នូក្នុងដំណាក់កាលទីមួយនេះ មានទំហំ ៨៥០លានដុល្លារអាមេរិកហើយ។
សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងចូលទៅក្នុងទឹកដីខេត្តតាកែវផងដែរ លើផ្ទៃដីលាតសន្ធឹងទំហំ ២ពាន់ ៦០០ហិកតា។
សំណង់ព្រលានយន្តហោះនេះ ត្រូវបានគ្រោងសាងសង់ក្នុងបីដំណាក់កាល ដោយដំណាក់កាលទី១ នឹងមានតម្លៃសាងសង់ ១ពាន់ ៥០០លានដុល្លារ និងគ្រោងបញ្ចប់នាចុងឆ្នាំ២០២៤។
បើតាមលោក ស៊ីន ចាន់សេរីវុត្ថា ការចំណាយជាមធ្យមទៅលើគម្រោងសាងសង់នោះ ក្នុងមួយថ្ងៃៗ គឺអស់ប្រមាណពីជាង ២លាន ៥សែនដុល្លារ ទៅ ៣លានដុល្លារ។
បើសិនជាដំណាក់កាលទី១នឹងសាងសង់រួចរាល់, សំណង់ក្នុងដំណាក់កាលដំបូងនេះ នឹងអាចទទួលបានភ្ញៀវទេសចរណ៍ ១៣លាននាក់ក្នុង១ឆ្នាំ។ ដោយឡែកដំណាក់កាលទី២ មុននេះ ត្រូវបានគ្រោងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចរំពឹងទទួលភ្ញៀវទេសចរចំនួន ៣០លាននាក់ក្នុង១ឆ្នាំ, ចំណែកដំណាក់កាលទី៣ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០៥០ ដែលនឹងអាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង ១ឆ្នាំ។