គ.ជ.ប បានសម្រេចផ្ដល់សុពលភាពជាផ្លូវការលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ជាង៩លាន៨សែននាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្ដម សោម សូរីដា មានប្រសាសន៍ថា បន្ទាប់ពីបណ្ដឹងតវ៉ា និងបណ្ដឹងជំទាស់ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះ គ.ជ.ប បានសម្រេចផ្ដល់សុពភាពជាផ្លូវការលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ដែលមានទិន្នន័យ ដូចខាងក្រោម៖
•ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ចំនួន ១០.៩៧៨.២៥៨នាក់ ក្នុងនោះស្ត្រី ៥.៦៦០.៧៣៧នាក់
•ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ៩.៨៧១.៤៩៥នាក់ ក្នុងនោះស្ត្រី ៥.២៤០.៩៧៩នាក់ ស្មើនឹង ៨៩,៩២% នៃប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងសរុប
•ការិយាល័យបោះឆ្នោតចំនួន ២៤.០៣៤ការិយាល័យ បើប្រៀបធៀបនឹងឆ្នាំ២០២២ មានការកើនឡើងចំនួន ២៤៥ការិយាល័យ។

ឯកឧត្ដម សោម សូរីដា មានប្រសាសន៍ អំពីខ្លឹមសារមួយចំនួនទាក់ទងនឹងការផ្តល់សុពភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ដែលក្នុងនោះ មានកិច្ចដំណើរការជាទូទៅ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ការកំណត់ចំនួន និងទីតាំងការិយាល័យបោះឆ្នោត ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ រយៈពេល ១៩ថ្ងៃ ការរៀបចំបញ្ជីបោះឆ្នោតដំបូង ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង និងបញ្ជីបោះឆ្នោតផ្លូវការ។

អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ រយៈពេល ១៩ថ្ងៃ ឯកឧត្ដម សោម សូរីដា មានប្រសាសន៍ថា គ.ជ.ប បានតែ ងតាំ ងក្រុមចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ចំនួន ១.៦៥២ក្រុម រួមជាមួយគ្រូ ២រូប ប្រចាំ ក្រុង ស្រុក ខណ្ឌ។ ឯកឧត្តម បន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានចាប់ផ្តើមធ្វើនៅគ្រប់ ឃុំ សង្កាត់ទូទាំងប្រទេស នៅថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ ការិយាល័យចុះឈ្មោះបោះឆ្នោតបើកធ្វើការជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:៣០នាទីល្ងាច។ ក្នុងរយៈពេល ១៩ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមឃុំ សង្កាត់ ទទួលបានលទ្ធផលដូចតទៅ៖
•អ្នកមកសុំចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៣៣.៧៧២នាក់ ក្នុងនោះ ស្ត្រីមានចំនួន ១១១.៧១៥នាក់
•អ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ១២០.៨៨៣នាក់
•អ្នកដែលបានផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤៧.៩៥៨នាក់
•អ្នកមកសុំកែតម្រូវឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត មានចំនួន ១៨.៦៦៨នាក់។

អំពីការរៀបចំបញ្ជីបោះឆ្នោតដំបូង ឯកឧត្ដម សោម សូរីដា មានប្រសាសន៍ថា គ.ជ.ប បានធ្វើការផ្ទៀងផ្ទាត់ ជាប្រចាំនូវទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោតដែលទទួលបានតាមថ្ងៃនីមួយៗ ជាមួយនឹងទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោតដែលទទួលបានកន្លងមក។ បន្ទាប់ពីបញ្ឈប់ការចុះឈ្មោះបោះឆ្នោត ការប្ដឹងតវ៉ាទៅនឹងការបដិសេធការចុះឈ្មោះ ត្រូវបានដោះស្រាយរួចរាល់ ហើយទិន្នន័យត្រូវបានបញ្ជូន និងទទួលរួចរាល់ គ.ជ.ប ត្រូវផ្ទៀងផ្ទាត់ទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត បន្ទាប់មក គ.ជ.ប ធ្វើការពិនិត្យសម្រេចមុននឹងបិទផ្សាយជាសាធារណៈ៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner