ក្រុមហាម៉ាសចោទអាមេរិកថា ជាអ្នកគាំទ្រឧក្រិដ្ឋកម្មសង្គ្រាមនៅហ្គាហ្សា

ហ្គាហ្សា៖ មេដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការលក់គ្រាប់កាំភ្លើងធំ និងបរិក្ខាពាក់ព័ន្ធដទៃទៀត តម្លៃសរុប ១៤៧.៥លានដុល្លារ ឱ្យអ៊ីស្រាអែល។

ក្រុមហាម៉ាសនិយាយថា ការលក់គ្រាប់កាំភ្លើងធំ និងបរិក្ខាពាក់ព័ន្ធដទៃទៀតរបស់សហរដ្ឋអាមេរិក ទៅឱ្យអ៊ីស្រាអែល គឺជាភស្តុតាងច្បាស់លាស់ បង្ហាញថា រដ្ឋបាលអាមេរិកគាំទ្រពេញទំហឹង ក្នុងឧក្រិដ្ឋកម្មសង្គ្រាមនៅហ្គាហ្សា។

ក្រុមហាម៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញយ៉ាងច្បាស់ ពីការគាំទ្រយ៉ាងសកម្ម នូវអំពើឃោរឃៅទាំងអស់ ដែលប្រព្រឹត្តដោយអ៊ីស្រាអែល។

ក្រុមហាម៉ាសបន្ថែមថា អំពើឃោរឃៅក្នុងសង្រ្គាមទាំងនោះ ក៏បាននាំឱ្យមានការសម្លាប់កុមារ និងជនស៊ីវិល យ៉ាងព្រៃផ្សៃ, ការផ្លាស់ទីលំនៅទាំងបង្ខំចិត្តរបស់អ្នកស្រុក និងការបំផ្លិចបំផ្លាញជាប្រព័ន្ធនៃជីវិតជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាផងដែរ។

សូមជម្រាបថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមឡើង នៅពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានធ្វើសកម្មភាពឆ្មក់វាយលុកទ្រង់ទ្រាយធំ ចេញពីតំបន់ហ្គាហ្សាស្រ្ទីប ចូលទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និងបានសម្លាប់មនុស្សប្រមាណ១,១៤០នាក់ ភាគច្រើនជាជនស៊ីវិល។

ក្រោយការវាយប្រហារនោះ អ៊ីស្រាអែលបានធ្វើប្រតិបត្តិការយោធាទាំងតាមផ្លូវអាកាស និងផ្លូវគោកលើតំបន់ហ្គាហ្សា ដែលគិតមកទល់ពេលនេះ បានបន្តសម្លាប់មនុស្សកើនដល់យ៉ាងហោច ២១,៥០៧នាក់ ភាគច្រើនជាស្រ្តី និងកុមារ នេះបើតាមការអះអាងរបស់អាជ្ញាធរនៅហ្គាហ្សា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner